ក្រុមមន្រ្តីចិន និងអាមេរិក ពិភាក្សាពីបញ្ហាពន្ធគយ ពាណិជ្ជកម្មកសិផល មុនជំនួបត្រាំ-ស៉ី នៅ Shenzhen
14-11-2026 18:12
(ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្មចិន បានឱ្យដឹងនៅថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ថាប្រទេសចិន និងសហរដ្ឋអាមេរិកបានពិភាក្សាគ្នាអំពីការកាត់បន្ថយពន្ធគយ ពាណិជ្ជកម្មកសិផល និងបញ្ហាផ្សេងៗទៀត នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាពាណិជ្ជកម្មលើកដំបូងរបស់ពួកគេកាលពីថ្ងៃសុក្រ មុនពេលមានជំនួបមេដឹកនាំនៃប្រទេសទាំងពីរក្នុងទីក្រុង Shenzhen។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
ក្រសួងបញ្ជាក់ថា ភាគីទាំងពីរបានពិភាក្សាគ្នាដោយត្រង់ទៅត្រង់មក ស៉ីជម្រៅ និងក្នុងន័យស្ថាបនា អំពីការអនុវត្តលទ្ធផលនៃការចរចាសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកកន្លងមក ដែលរួមមានបញ្ហាពន្ធគយ ការព្រមព្រៀងកាត់បន្ថយពន្ធគយទៅវិញទៅមកក្នុងទំហំ «៣០ពាន់លានដុល្លារ ទល់នឹង ៣០ពាន់លានដុល្លារ» ពាណិជ្ជកម្មកសិផល និងបញ្ហាផ្សេងៗទៀតដែលភាគីទាំងពីរយកចិត្តទុកដាក់រួមគ្នា។
ក្រសួងមិនបានបញ្ជាក់ថាតើមានការឈានដល់កិច្ចព្រមព្រៀងឬយ៉ាងណា តែថាភាគីទាំងពីរនឹងបន្តប្រើប្រាស់ក្រុមប្រឹក្សានេះ ដើម្បីដោះស្រាយកង្វល់ពាក់ព័ន្ធពាណិជ្ជកម្ម ពង្រីកកិច្ចសហប្រតិបត្តិការ និងកាត់បន្ថយបញ្ហាដែលនៅសេសសល់។
គួរបញ្ជាក់ថា បន្ទាប់ពីជំនួបមួយកាលពីខែកញ្ញានៅទីក្រុងវ៉ាស៉ីនតោនរវាងប្រធានាធិបតី ស៉ី ជីនពីង និងប្រធានាធិបតី ដូណាល់ ត្រាំ ភាគីទាំងពីរបានស្នើកញ្ចប់វិធានការកាត់បន្ថយពន្ធទៅវិញទៅមកដែលមានទំហំទឹកប្រាក់ ៦០ពាន់លានដុល្លារ ក្នុងនោះរួមមានផលិតផលកសិកម្មអាមេរិកដែលមានតម្លៃប្រហែល ១៧ពាន់លានដុល្លារដែលចិនបាននាំចូលក្នុងឆ្នាំ២០២៤ ប៉ុន្តែផែនការនេះមិនទាន់ត្រូវបានសម្រេចជាផ្លូវការនៅឡើយទេ៕
