រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ថាមិនញញើតចំពោះការគំរាមសម្លាប់ពីអ៊ីរ៉ង់ឡើយ
13-11-2026 21:07
(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក ស្កត បេសសិន (Scott Bessent) បានថ្លែងនៅថ្ងៃសុក្រនេះថា លោកនឹងមិនញញើតចំពោះការគំរាមកំហែងអាយុជីវិតពីសំណាក់អ៊ីរ៉ង់ឡើយ បើទោះបីជាលោកទើបតែប្ដូរទីលំនៅចេញពីគេហដ្ឋានក្នុងរដ្ឋធានីវ៉ាស៊ីនតោន ទៅស្នាក់នៅក្នុងមូលដ្ឋានទ័ពអាមេរិកនាពេលថ្មីៗនេះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNBC លោក Bessent បានលើកឡើងដូច្នេះថា «ហេតុអ្វីបានជាខ្ញុំត្រូវខ្លាច នៅពេលដែលកងទ័ពដ៏ក្លាហានរបស់យើងនៅតំបន់ឈូងសមុទ្រ និងប្រធានាធិបតី ដូណាល់ ត្រាំ តែងតែទទួលរងការគំរាមសម្លាប់ជាប្រចាំនោះ?»។ ទោះបីជាអ៊ីរ៉ង់ធ្លាប់បដិសេធថាខ្លួនមិនមានផែនការវាយប្រហារលើមន្ត្រី ឬពលរដ្ឋនៅលើទឹកដីអាមេរិកក៏ដោយ ក៏លោក Bessent បានចោទប្រកាន់ថា អ៊ីរ៉ង់កំពុងធ្វើសកម្មភាព «ដូចជាសត្វព្រៃកំណាចដែលទាល់ច្រក» ដូច្នេះលោកត្រូវអនុវត្តតាមការណែនាំរបស់ទីភ្នាក់ងារសម្ងាត់អាមេរិក ដោយផ្លាស់ទៅស្នាក់នៅក្នុងមូលដ្ឋានទ័ព។ លោកបានបន្ថែមថា ការផ្លាស់ប្ដូរទីលំនៅនេះក៏បណ្ដាលមកពីកាសែត Wall Street Journal បានចុះផ្សាយរូបថតពីលើអាកាសនៃផ្ទះរបស់លោកនៅសង្កាត់ Georgetown កាលពីខែមករា ឆ្នាំ២០២៥ ផងដែរ ដែលលោកចាត់ទុកថាជាទង្វើ «ខ្វះទំនួលខុសត្រូវ និងគ្រោះថ្នាក់បំផុត»។
គួរបញ្ជាក់ថា កាលពីចុងខែតុលា មន្ត្រីចារកម្មជាន់ខ្ពស់អាមេរិកម្នាក់បានព្រមានតាមរយៈកំណត់ហេតុផ្ទៃក្នុងថា ផែនការរបស់អ៊ីរ៉ង់ដើម្បីធ្វើឃាតមន្ត្រី និងពលរដ្ឋអាមេរិក បានឈានដល់ដំណាក់កាលស៊ីជម្រៅហើយ។ ចាប់តាំងពីខែសីហាមក លោក Bessent គឺជាអ្នកដឹកនាំយុទ្ធនាការដាក់ទណ្ឌកម្ម និងសម្ពាធសេដ្ឋកិច្ចក្រោមឈ្មោះ «Operation Economic Outcast» រួមជាមួយការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ដោយកងទ័ពជើងទឹកអាមេរិក និងការដាក់ទណ្ឌកម្មលើសាខាធនាគារនៅមជ្ឈិមបូព៌ាដែលសម្របសម្រួលប្រតិបត្តិការជាមួយទីក្រុងតេហេរ៉ង់ ដើម្បីបង្ខំឱ្យអ៊ីរ៉ង់បញ្ឈប់ការវាយប្រហារលើនាវាដឹកទំនិញ និងបើកច្រកសមុទ្រ Hormuz ឡើងវិញ បន្ទាប់ពីផ្លូវទឹកដ៏សំខាន់នេះត្រូវបានបិទស្ទើរតែទាំងស្រុងតាំងពីអាមេរិក និងអ៊ីស្រាអែលបើកការវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ៕

