IAEA បង្ហាញក្ដីបារម្ភកាន់តែខ្លាំងចំពោះរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ ដែលមិនទាន់អនុញ្ញាតឱ្យចូលត្រួតពិនិត្យ
13-11-2026 20:02
(វីយែន)៖ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានបង្ហាញក្ដីបារម្ភកាន់តែខ្លាំងឡើងចំពោះរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមមួយកន្លែងនៅទីក្រុង Isfahan ដែលអ៊ីរ៉ង់បានប្រកាសឱ្យដឹងតាំងពីឆ្នាំមុន ប៉ុន្តែនៅតែមិនទាន់អនុញ្ញាតឱ្យក្រុមអធិការកិច្ចអង្គការសហប្រជាជាតិចូលត្រួតពិនិត្យនៅឡើយ។ នេះបើតាមរបាយការណ៍សម្ងាត់របស់ IAEA ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦។
នៅក្នុងរបាយការណ៍សម្ងាត់ផ្ញើជូនរដ្ឋសមាជិកនៅថ្ងៃសុក្រនេះ IAEA បានបញ្ជាក់ថា ខ្លួនមិនទាន់ដឹងពីទីតាំងជាក់លាក់ ស្ថានភាពសុវត្ថិភាព ឬថាតើរោងចក្រចម្រាញ់ឥន្ធនៈ Isfahan (IFEP) មានផ្ទុកសារធាតុនុយក្លេអ៊ែរឬយ៉ាងណានោះទេ ដោយសារអ៊ីរ៉ង់មិនព្រមអនុញ្ញាតឱ្យក្រុមអធិការកិច្ចចូលពិនិត្យមើលទីតាំង ឬប្លង់រចនាឡើយ (Times of Israel)។ IAEA បានសង្កត់ធ្ងន់ថា «កង្វះព័ត៌មានរបស់ទីភ្នាក់ងារអំពីសារធាតុនុយក្លេអ៊ែរនេះ និងការមិនអាចចូលទៅផ្ទៀងផ្ទាត់ទីតាំងបាន គឺជាក្ដីបារម្ភដ៏ធ្ងន់ធ្ងរពាក់ព័ន្ធនឹងការរីកសាយភាយអាវុធនុយក្លេអ៊ែរ... ហើយចាំបាច់ត្រូវដោះស្រាយជាបន្ទាន់បំផុត»។ ទន្ទឹមគ្នានេះ របាយការណ៍ដដែលក៏បានទទូចឱ្យទីក្រុងតេហេរ៉ង់ផ្ដល់ព័ត៌មានអំពីស្ថានភាពរោងចក្រចម្រាញ់ និងបរិមាណស្តុកសារធាតុអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់ដែលជិតឈានដល់កម្រិតផលិតអាវុធ ព្រមទាំងអនុញ្ញាតឱ្យក្រុមអធិការកិច្ចចូលត្រួតពិនិត្យទីតាំងនុយក្លេអ៊ែរដែលរងការទម្លាក់គ្រាប់បែកឡើងវិញ។
គួរបញ្ជាក់ថា អ៊ីរ៉ង់បានប្រកាសពីវត្តមានរោងចក្រ IFEP កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ពោលគឺមួយថ្ងៃមុនពេលអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បើកយុទ្ធនាការទម្លាក់គ្រាប់បែករយៈពេល ១២ថ្ងៃបំផ្លាញ និងធ្វើឱ្យខូចខាតធ្ងន់ធ្ងរដល់ទីតាំងនុយក្លេអ៊ែរសំខាន់ៗរបស់អ៊ីរ៉ង់ រួមទាំងបណ្ដាញផ្លូវរូងក្រោមដីនៅទីក្រុង Isfahan ផងដែរ ដែលជាហេតុធ្វើឱ្យផែនការចុះត្រួតពិនិត្យរបស់ IAEA កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ត្រូវខកខានរហូតមកដល់បច្ចុប្បន្ន។ នៅក្នុងខែមីនាកន្លងទៅ ប្រធាន IAEA លោក Rafael Grossi ក៏ធ្លាប់បានបញ្ជាក់ដែរថា ទីភ្នាក់ងាររបស់លោកជឿជាក់ថា សារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតខ្ពស់បំផុតរបស់អ៊ីរ៉ង់ក្នុងបរិមាណដ៏ច្រើន កំពុងរក្សាទុកនៅក្នុងបណ្ដាញផ្លូវរូងក្រោមដីនៅទីក្រុង Isfahan នោះ៕
