ប៉ូលិសឥណ្ឌូនេស៊ីថាមានភស្តុតាងគ្រប់គ្រាន់ ដើម្បីចោទប្រកាន់បទក្បត់ជាតិ ក្នុងរឿងលួចស្តាប់ទូរស័ព្ទលោក ប្រាបូវ៉ូ
12-11-2026 21:10
(ហ្សាកាតា)៖ ប៉ូលិសឥណ្ឌូនេស៊ីបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា ខ្លួនមានភស្តុតាងដំបូងគ្រប់គ្រាន់ ដើម្បីចោទប្រកាន់ជនសង្ស័យ៤នាក់ពីបទក្បត់ជាតិ ក្នុងរឿងលួចស្តាប់ទូរស័ព្ទរបស់ប្រធានាធិបតី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ជនសង្ស័យទាំងនោះ រួមមានអតីតប្រធាននគរបាលជាតិ លោក Listyo Sigit Prabowo ដែលមិនមែនជាសាច់ញាតិរបស់ប្រធានាធិបតីទេ និងមន្ត្រីប៉ូលិសជាន់ខ្ពស់៣រូបទៀត ដែលត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុន ដោយត្រូវចោទថា បានលួចស្តាប់ទូរស័ព្ទរបស់លោក ប្រាបូវ៉ូ មន្ត្រីរដ្ឋាភិបាល សកម្មជន និងអ្នកសារព័ត៌មាន។ ប្រធាននាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្ម លោក Asep Safrudin មិនបានបង្ហាញពីភស្តុតាងនោះទេ ប៉ុន្តែបញ្ជាក់ថា ប៉ូលិសបានសួរចម្លើយសាក្សី៣៨នាក់រួចហើយ ខណៈបទក្បត់ជាតិនៅឥណ្ឌូនេស៊ី អាចត្រូវផ្តន្ទាទោសដល់ប្រហារជីវិត។
ក្នុងសវនាការនៅសភា សមាជិកសភាមួយចំនួនបានត្អូញត្អែរថា ទូរស័ព្ទរបស់ពួកគេក៏ត្រូវបានលួចស្តាប់ដែរ ហើយបានជំរុញឱ្យប៉ូលិសរកឱ្យឃើញថា នរណាជាអ្នកបញ្ជា និងជាអ្នកទទួលបានផលប្រយោជន៍ពីការលួចស្តាប់នេះ។
គួរបញ្ជាក់ថា រឿងនេះបានបង្ហាញពីភាពតានតឹងរវាងលោក ប្រាបូវ៉ូ និងអតីតប្រធានាធិបតី លោក ជូកូ វីដូដូ ព្រោះលោក Listyo ត្រូវបានគេចាត់ទុកជាជំនួយការជិតស្និទ្ធរបស់លោក ជូកូ វីដូដូ។ ក្នុងថ្ងៃដដែល អនុប្រធានាធិបតី លោក Gibran Rakabuming Raka ដែលជាកូនប្រុសរបស់លោក ជូកូ វីដូដូ បានដាក់លិខិតលាលែងពីតំណែង ខណៈលោក ជូកូ វីដូដូ ថានឹងបន្តគាំទ្រលោក ប្រាបូវ៉ូ ហើយលោក ប្រាបូវ៉ូ ថាបានទទួលយកការលាលែងនេះ ទាំងក្តីសោកស្តាយ៕

