អនុប្រធានាធិបតីអាមេរិក JD Vance ពិចារណាចរចាផ្ទាល់ជាមួយអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម
12-11-2026 20:46
(ឌូបៃ)៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance កំពុងពិចារណាចរចាផ្ទាល់ជាមួយមន្ត្រីសន្តិសុខជាន់ខ្ពស់អ៊ីរ៉ង់ ខណៈវ៉ាស៊ីនតោនកំពុងស្វែងរកផ្លូវចេញពីសង្គ្រាមជាមួយអ៊ីរ៉ង់។ នេះបើយោងតាមកាសែត Wall Street Journal (WSJ) ដែលចុះផ្សាយកាលពីថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។
កាសែតនេះសរសេរថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់សមភាគីបរទេសថា លោកបើកចំហឱ្យលោក Vance ដឹកនាំកិច្ចចរចាថ្មីជាមួយតេហេរ៉ង់ ខណៈភាគីទាំងពីរកំពុងទាក់ទងគ្នាអំពីជំហានបន្ទាប់ តាមរយៈអ្នកសម្រុះសម្រួល និងសម្ព័ន្ធមិត្តក្នុងតំបន់ ទោះបីមិនទាន់កំណត់កាលបរិច្ឆេទផ្លូវការនៅឡើយក៏ដោយ។ WSJ បន្តថា កាលពីខែតុលា លោក Vance បានផ្ញើលិខិតទៅលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៊ីរ៉ង់ លោក Mohsen Rezaei ដើម្បីស្នើសុំជួប។
របាយការណ៍នេះកត់សម្គាល់ថា ជំហាននេះជាការភ្នាល់ដ៏ប្រថុយប្រថានសម្រាប់លោក Vance ព្រោះបើការចរចាបរាជ័យ លោកអាចត្រូវគេភ្ជាប់ទៅនឹងការបរាជ័យផ្នែកការទូត ប៉ុន្តែបើទទួលបានកិច្ចព្រមព្រៀង វាអាចលើកកម្ពស់ជំហររបស់លោក ដោយសារបានជួយបញ្ចប់ជម្លោះដែលប្រជាជនមិនពេញចិត្ត។
WSJ ក៏បានរាយការណ៍ថា លោក ត្រាំ បានសម្តែងការសង្ស័យចំពោះកិច្ចព្រមព្រៀងក្របខណ្ឌកាលពីខែមិថុនា ដែលលោក Vance បានចូលរួមសម្របសម្រួល ដោយលោកយល់ថាកិច្ចព្រមព្រៀងនោះបានផ្តល់ឱកាសឱ្យអ៊ីរ៉ង់ងើបឡើងវិញ និងប្រមូលប្រាក់ចំណូលពីប្រេង មុនពេលអាមេរិកដាក់ការទប់ស្កាត់ផ្លូវសមុទ្រ។ ទោះជាយ៉ាងណា មន្ត្រីសេតវិមានម្នាក់បានបដិសេធព័ត៌មានដែលថា លោក ត្រាំ មានការសង្ស័យលើកិច្ចព្រមព្រៀងនោះ ដោយបញ្ជាក់ថា អ្នកចរចាទាំងអស់បានធ្វើការដោយស្មោះត្រង់។
គួរបញ្ជាក់ថា លោក Vance ធ្លាប់លើកឡើងជាសាធារណៈថា សង្គ្រាមជាមួយអ៊ីរ៉ង់ ជាកត្តាមួយដែលធ្វើឱ្យគណបក្សសាធារណរដ្ឋទទួលលទ្ធផលមិនល្អ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិកាលពីសប្តាហ៍មុន ដែលបង្ហាញថា រដ្ឋបាលលោក ត្រាំ កំពុងរងសម្ពាធនយោបាយកាន់តែខ្លាំង ឱ្យបញ្ចប់ជម្លោះនេះ៕
