ពិធីរំលឹកខួបលើកទី១៦០ នៃថ្ងៃកំណើតរបស់លោក ស៊ុន យ៉ាតសេន បានបើកធ្វើនៅក្រុងប៉េកាំងក្រោមអធិបតីភាពលោក Xi Jinping ប្រធានរដ្ឋចិន
12-11-2026 17:44
(ប៉េកាំង)៖ ព្រឹកថ្ងៃទី ១២ខែវិចិ្ឆកា ពិធីរំលឹកខួបលើកទី ១៦០ នៃថ្ងៃខួបកំណើតរបស់លោក ស៊ុន យ៉ាតសេន បានបើកធ្វើយ៉ាងឱឡារិកនៅវិមានសភាប្រជាជនក្រុងប៉េកាំង ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួមព្រមទាំងថ្លែងសុន្ទរកថាគន្លឹះដោយបានគូសបញ្ជាក់ថា កុលបុត្រកុលធីតាចិនគ្រប់រូបទាំងក្នុងនិងក្រៅប្រទេសត្រូវរួបរួមគ្នាឱ្យបានកាន់តែជិតស្និទ្ធ បន្តវេនឆន្ទៈរបស់លោក ស៊ុន យ៉ាតសេន រួមចិត្តរួមកម្លាំងដើម្បីស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញនិងប្រែក្លាយសុបិនដ៏អស្ចារ្យដែលប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិនប្រាថ្នាចង់បានតាំងពីចូលសម័យទំនើបមកឱ្យទៅជាការពិតជាក់ស្តែងដ៏ល្អបវរ ។
សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនមានដូចជា លោក Li Qiang លោក Zhao Leji លោក Wang Huning លោក Cai Qi លោក Ding Xuexiang និងលោក Li Xi ក៏បានអញ្ជើញចូលរួមពិធីនេះផងដែរ ។
លោក Xi Jinping បានលើកឡើងថា លោក ស៊ុន យ៉ាតសេនជាវីរជនដ៏អស្ចារ្យ ជាអ្នកស្នេហាជាតិដ៏អស្ចារ្យនិងជាអ្នកត្រួសត្រាយផ្លូវដ៏អស្ចារ្យនៃបដិវត្តន៍ប្រជាធិបតេយ្យចិន ដែលបានរួមចំណែកដ៏អស្ចារ្យដល់ប្រជាជនចិននិងប្រជាជាតិចិន ហើយទទួលបានការគោរពសរសើរយ៉ាងស្មោះពីកុលបុត្រកុលធីតាចិនគ្រប់រូបទាំងក្នុងនិងក្រៅប្រទេស ។
លោក Xi Jinping បានសង្កត់ធ្ងន់ថា លោក ស៊ុន យ៉ាតសេន តែងតែគាំទ្រជានិច្ចនូវឯកភាពជាតិនិងសាមគ្គីភាពជនជាតិ ហើយប្រឆាំងយ៉ាងដាច់ខាតចំពោះរាល់ពាក្យសម្ដីនិងទង្វើណាដែលចង់បំបែកបំបាក់ប្រទេសជាតិនិងប្រជាជាតិ ។ ស្មារតីនិងមនោសញ្ចេតនារបស់លោកគឺជាកំណប់ទ្រព្យរួមរបស់ជនរួមជាតិនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ។ ការដោះស្រាយបញ្ហាតៃវ៉ាន់ សម្រេចបាននូវការបង្រួបបង្រួមមាតុប្រទេសទាំងស្រុងគឺជាភារកិច្ចជាប្រវត្តិសាស្ត្រដែលមិនងាករេរបស់បក្សកុម្មុយនីស្តចិននិងជាក្តីប្រាថ្នារួមរបស់កុលបុត្រកុលធីតាចិន ហើយក៏ជាតម្រូវការដ៏ចាំបាច់សម្រាប់ការសម្រេចបាននូវការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញផងដែរ ។ ជនរួមជាតិនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់និងកុលបុត្រកុលធីតាចិនគ្រប់រូបទាំងក្នុងនិងក្រៅប្រទេសគួរចាប់ដៃគ្នាដើម្បីប្រឆាំងនឹងកម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ ក៏ដូចជាធ្វើកិច្ចខិតខំប្រឹងប្រែងរួមសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងត្រើយទាំងសងខាងដោយសន្តិភាពនិងសម្រេចបាននូវការបង្រួបបង្រួមមាតុប្រទេសទាំងស្រុង ។
មុនពេលបើកពិធី លោក Xi Jinping ប្រធានរដ្ឋចិននិងថ្នាក់ដឹកនាំបក្សនិងរដ្ឋជាច្រើនរូបទៀតបានជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយសាច់ញាតិរបស់ លោក ស៊ុន យ៉ាតសេននិងតំណាងភ្ញៀវកិត្តិយសបរទេស៕
វិទ្យុមិត្តភាពកម្ពុជាចិន
