FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិន ថាអាមេរិកកំពុងប្រើការចោទប្រកាន់រឿងចារកម្ម ដើម្បីជាលេសដាក់របាំងបច្ចេកវិទ្យា (Video inside)

12-11-2026 15:43

(ប៉េកាំង)៖ ទីក្រុងប៉េកាំងនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចោទប្រកាន់ថា សហរដ្ឋអាមេរិកកំពុងប្រើប្រាស់ ការអះអាងគ្មានមូលដ្ឋានអំពីរឿងចារកម្ម ជាលេសដើម្បីធ្វើការរាំងខ្ទប់ផ្នែកបច្ចេកវិទ្យាលើប្រទេសចិន បន្ទាប់ពីផ្ទុះព័ត៌មានថា នាយកក្រុមហ៊ុនបន្ទះឈីបកំពូល Nvidia លោក Jensen Huang បានក្លាយជាគោលដៅនៃផែនការចារកម្មរបស់ចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃព្រហស្បតិ៍នេះ ដូច្នេះថា «វឌ្ឍនភាពផ្នែកបច្ចេកវិទ្យារបស់ចិន គឺកើតចេញពីគំនិតច្នៃប្រឌិតដោយឯករាជ្យ និងកិច្ចសហប្រតិបត្តិការបើកចំហ។ ភាគីអាមេរិកគួរតែបញ្ឈប់ ការបង្កើតដំណើររឿងចារកម្មបែបនេះ ដើម្បីធ្វើជាលេសដាក់របាំងបច្ចេកវិទ្យា»។

លោក Huang ដែលជាសហស្ថាបនិកក្រុមហ៊ុន Nvidia និងបានប្រែក្លាយក្រុមហ៊ុននេះ ទៅជាអ្នកផ្គត់ផ្គង់បន្ទះឈីបឈានមុខគេរបស់ពិភពលោក សម្រាប់គាំទ្របច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានទទួលស្គាល់ថា រូបលោកពិតជាមានទំនាក់ទំនងស្នេហាក្រៅអាពាហ៍ពិពាហ៍ ជាមួយស្ត្រីម្នាក់ឈ្មោះ Alice Huang។ តាមសេចក្តីរាយការណ៍ ស្រ្តីម្នាក់នោះ គឺជាអតីតនាយកប្រតិបត្តិ នៅក្រុមហ៊ុន Megaspeed ដែលមានមូលដ្ឋានក្នុងប្រទេសសិង្ហបុរី ហើយត្រូវបានក្រុមមន្ត្រីអាមេរិកសន្និដ្ឋានថា ធ្លាប់បម្រើការឱ្យចារកម្មរបស់ប្រទេសចិន។

ប្រមុខក្រុមហ៊ុន Nvidia រូបនេះ ត្រូវគេដឹងថាបានចំណាយពេលជាច្រើនឆ្នាំ បញ្ចុះបញ្ចូលប្រឆាំងនឹងវិធានការរឹតបន្តឹង ការលក់បន្ទះឈីបទំនើបកម្រិតខ្ពស់ ទៅឱ្យប្រទេសចិន។ កាលពីឆ្នាំមុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអនុញ្ញាតឱ្យនាំចេញបន្ទះឈីបស៊េរី H200 របស់ Nvidia ទៅកាន់ប្រទេសចិន ទោះបីជាមានការជំទាស់ក៏ដោយពីសំណាក់ ក្រុមអ្នកនយោបាយប្រកាន់ជំហរតឹងរ៉ឹង មកពីគណបក្សទាំងពីរនៅសហរដ្ឋអាមេរិក ដែលព្រួយបារម្ភថា ទីក្រុងប៉េកាំង អាចនឹងឈ្នះក្នុងការប្រកួតប្រជែងដណ្តើមភាពនាំមុខលើបច្ចេកវិទ្យា AI។

គួរបញ្ជាក់ថា ថ្មីៗនេះ ចិនបានចេញមុខច្រានចោលរួចហើយដែរ ការអះអាងពាក់ព័ន្ធនឹងរឿងធ្វើចារកម្មលើលោក Jensen Huang ដោយចាត់ទុកថា វាជាការប៉ាន់ស្មានគ្មានមូលដ្ឋាន និងជាការប៉ុនប៉ងបង្ខូចកេរ្តិ៍ឈ្មោះរបស់ចិន។ ភាពចម្រូងចម្រាសនេះផ្ទុះឡើង មុនគម្រោងជំនួបកំពូលរវាងលោក ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង នាសប្តាហ៍ក្រោយ ក្នុងឱកាសកិច្ចប្រជុំ APEC នៅទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិន៕