រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ប្ដូរទៅស្នាក់នៅក្នុងមូលដ្ឋានទ័ព ក្រោយរងការគំរាមកំហែងអាយុជីវិតពីអ៊ីរ៉ង់
11-11-2026 19:07
(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បានប្ដូរទីលំនៅចេញពីគេហដ្ឋានរបស់លោកក្នុងរដ្ឋធានីវ៉ាស៊ីនតោន ទៅស្នាក់នៅក្នុងមូលដ្ឋានទ័ពអាមេរិកវិញនាពេលថ្មីៗនេះ បន្ទាប់ពីទទួលរងការគំរាមកំហែងអាយុជីវិតពីសំណាក់អ៊ីរ៉ង់។ នេះបើតាមការបង្ហើបឱ្យដឹងពីប្រភពស្និទ្ធនឹងរឿងនេះដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។
ប្រភពដដែលបានឱ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញថា ក្ដីបារម្ភផ្នែកសន្តិសុខជុំវិញរូបលោក Bessent បានកើនឡើងខ្លាំង បន្ទាប់ពីកាសែត Wall Street Journal បានចុះផ្សាយរូបថតពីលើអាកាសនៃភូមិគ្រឹះតម្លៃ ១២.៥លានដុល្លាររបស់លោកនៅសង្កាត់ Georgetown ដែលធ្វើឱ្យគេអាចកំណត់ទីតាំងផ្ទះរបស់លោកបានយ៉ាងងាយ។ ការផ្លាស់ទីលំនៅនេះកើតឡើងក្រោយពេលមន្ត្រីចារកម្មជាន់ខ្ពស់អាមេរិកបានព្រមានកាលពីចុងខែមុនថា ផែនការវាយប្រហាររបស់អ៊ីរ៉ង់មកលើមន្ត្រី និងពលរដ្ឋអាមេរិកបានឈានដល់ដំណាក់កាលស៊ីជម្រៅហើយ។ ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងហិរញ្ញវត្ថុអាមេរិកបានគូសបញ្ជាក់ថា «លោករដ្ឋមន្ត្រីនឹងមិនរាថយចំពោះការគំរាមកំហែងរបស់របបដឹកនាំអ៊ីរ៉ង់ឡើយ ហើយនៅតែប្ដេជ្ញាបន្តអនុវត្តប្រតិបត្តិការដាក់សម្ពាធសេដ្ឋកិច្ច និងការបិទខ្ទប់ផ្លូវទឹក ដែលកំពុងធ្វើឱ្យសេដ្ឋកិច្ចអ៊ីរ៉ង់ដួលរលំ»។
គួរបញ្ជាក់ថា ចាប់តាំងពីខែសីហាមក លោក Bessent គឺជាអ្នកដឹកនាំយុទ្ធនាការដាក់ទណ្ឌកម្ម និងសម្ពាធសេដ្ឋកិច្ចរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ក្រោមឈ្មោះថា «Operation Economic Outcast» រួមជាមួយនឹងការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ដោយកងទ័ពជើងទឹកអាមេរិក ដើម្បីបង្ខំឱ្យទីក្រុងតេហេរ៉ង់បញ្ឈប់ការវាយប្រហារលើនាវាដឹកទំនិញ និងបើកច្រកសមុទ្រ Hormuz ឡើងវិញ ដែលបានបិទស្ទើរតែទាំងស្រុងតាំងពីអាមេរិកនិងអ៊ីស្រាអែលបើកការវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ យ៉ាងណាក៏ដោយ អ៊ីរ៉ង់ធ្លាប់បានបដិសេធការចោទប្រកាន់ថាខ្លួនមានផែនការវាយប្រហារលើមន្ត្រី ឬពលរដ្ឋនៅលើទឹកដីអាមេរិក ខណៈមន្ត្រីអាមេរិកក៏បានកត់សម្គាល់ដែរថា សមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការបើកការវាយប្រហារទ្រង់ទ្រាយធំនៅលើទឹកដីអាមេរិក គឺនៅមានកម្រិតនៅឡើយ៕
