FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៊ុយក្រែន ថាទំនាក់ទំនងជាមួយកូរ៉េខាងត្បូងកំពុងឈានទៅរកភាពប្រសើរឡើងវិញ បន្ទាប់ពីមានការយល់ច្រឡំ (Video inside)

11-11-2026 15:57

(កៀវ)៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បាននិយាយថា ទំនាក់ទំនងរវាងប្រទេសរបស់លោក និងកូរ៉េខាងត្បូងកំពុងស្ថិតលើផ្លូវស្តារឡើងវិញ បន្ទាប់ពីមានជម្លោះពាក់ព័ន្ធនឹងបញ្ហាឈ្លើយសឹកកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោក Sybiha បាននិយាយថា លោកបានជួបពិភាក្សាប្រកបដោយផ្លែផ្កា ជាមួយសមភាគីកូរ៉េខាងត្បូង លោក Cho Hyun នៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រី នៃក្រុមប្រទេស G7 ហើយលោកត្រេកអរ ដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ កំពុងត្រូវបានកែតម្រូវឡើងវិញ។ ក្នុងការផ្តល់បទសម្ភាសជាមួយទូរទស្សន៍ជាតិ ដែលប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានរាយការណ៍ លោក Sybiha បាននិយាយថា «ខ្ញុំជឿជាក់ថា ឥឡូវនេះយើងមានជំហានបន្តបន្ទាប់ជាច្រើនដែលត្រូវអនុវត្ត ដើម្បីធ្វើឱ្យទំនាក់ទំនងទ្វេភាគី វិលទៅរកភាពប្រក្រតីទាំងស្រុង»។

រីឯក្រសួងការបរទេសកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃពុធនេះថា អំឡុងកិច្ចពិភាក្សាជាមួយប្រមុខការទូតអ៊ុយក្រែន លោក Cho បានបង្ហាញក្តីសង្ឃឹមថា បញ្ហាទាំងអស់ដែលនៅមិនទាន់ដោះស្រាយរវាងប្រទេសទាំងពីរ នឹងត្រូវដោះស្រាយដោយរលូន។ លោករដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង បានបន្ថែមថា ទីក្រុងសេអ៊ូលនឹងបន្តពិចារណាលើមធ្យោបាយផ្តល់ជំនួយមនុស្សធម៌ដល់អ៊ុយក្រែន និងការគាំទ្រដល់កិច្ចប្រឹងប្រែងកសាងប្រទេសនេះឡើងវិញ។

គួរបញ្ជាក់ថា កាលពីខែតុលា កូរ៉េខាងត្បូង បានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនត្រឡប់មកវិញ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិថា អ៊ុយក្រែនបានប្រគល់ទាហានកូរ៉េខាងជើង ២នាក់ ដែលចាប់ខ្លួនបាន ទៅឱ្យកូរ៉េខាងត្បូង។ ទីក្រុងសេអ៊ូលបាននិយាយថា ការបង្ហើបព័ត៌មាននេះ បានរំលោភលើការយោគយល់គ្នាដែលថា ត្រូវរក្សារឿងផ្ទេរទាហានទាំង២នាក់នេះជាការណ៍សម្ងាត់ ដើម្បីការពារពួកគេ និងក្រុមគ្រួសាររបស់ពួកគេនៅកូរ៉េខាងជើង។

ក្រោយវិវាទលេចឡើង លោក Sybiha បាននិយាយថា បញ្ហានេះគឺកើតចេញពីការបកស្រាយខុសគ្នា អំពីកិច្ចព្រមព្រៀងរក្សាការសម្ងាត់នោះ ហើយលោកបានអះអាងថា អ៊ុយក្រែនបានបំពេញកាតព្វកិច្ចទាំងអស់របស់ខ្លួន។ ដោយឡែក ក្នុងការលើកឡើងថ្មីចុងក្រោយ លោកបាននិយាយថា អ៊ុយក្រែនដឹងគុណចំពោះការជួយជ្រោមជ្រែងរបស់កូរ៉េខាងត្បូង ទាំងកាលពីពេលកន្លងមក និងនៅពេលអនាគត ព្រមទាំងការគាំទ្រចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន៕