សភាអាណត្តិថ្មីរបស់អ៊ីស្រាអែល ស្បថចូលកាន់តំណែង ខណៈលោក Gadi Eisenkot កំពុងស្វះស្វែងបង្កើតរដ្ឋាភិបាលចម្រុះ
10-11-2026 22:43
(ហ្សេរុយសាឡិម)៖ សមាជិកសភាអាណត្តិថ្មីរបស់អ៊ីស្រាអែល បានស្បថចូលកាន់តំណែងជាផ្លូវការនៅថ្ងៃអង្គារនេះ ដោយមិនទាន់មានរដ្ឋាភិបាលថ្មីនៅឡើយ ខណៈអតីតអគ្គសេនាធិការកងទ័ព លោក ហ្គាឌី អៃសិនកូត (Gadi Eisenkot) កំពុងស្វះស្វែងចរចាបង្កើតរដ្ឋាភិបាលចម្រុះ បន្ទាប់ពីទទួលបានការប្រគល់ភារកិច្ចពីប្រធានាធិបតីអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។
ថ្លែងក្នុងពិធីស្បថចូលកាន់តំណែងនៃសមាជិកសភា (Knesset) ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog បានអំពាវនាវដល់សមាជិកសភាទាំងអស់ដូច្នេះថា «អ្នកទាំងអស់គ្នាត្រូវតែធ្វើគ្រប់បែបយ៉ាងដើម្បីបញ្ចៀសការបោះឆ្នោតឡើងវិញ និងត្រូវចេះហុចដៃធ្វើសម្បទានឱ្យគ្នា សូម្បីតែរវាងគូប្រជែងនយោបាយក៏ដោយ»។ លោកប្រធានាធិបតីក៏បានជំរុញឱ្យសភាថ្មីបំពេញកាតព្វកិច្ចស៊ើបអង្កេតឱ្យបានស៊ីជម្រៅលើសោកនាដកម្មនៃការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ផងដែរ ស្របពេលដែលអ៊ីស្រាអែលនៅតែបន្តប្រឈមមុខនឹងការគំរាមកំហែងពីអ៊ីរ៉ង់ និងក្រុមប្រដាប់អាវុធសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់នៅក្នុងតំបន់។
គួរបញ្ជាក់ថា លោក Benjamin Netanyahu នៅតែបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីចាំផ្ទះ រហូតដល់មានការបង្កើតរដ្ឋាភិបាលចម្រុះថ្មី។ លោក Eisenkot ដែលជាប្រធានគណបក្ស Yashar មានពេលរហូតដល់ថ្ងៃទី៦ ខែធ្នូ និងអាចស្នើសុំពន្យារពេល ២សប្ដាហ៍បន្ថែមទៀតរហូតដល់ថ្ងៃទី២០ ខែធ្នូ ដើម្បីចរចាស្វែងរកសម្ព័ន្ធភាពបង្កើតរដ្ឋាភិបាល ប៉ុន្តែប្រសិនបើទាំងលោក Eisenkot និងលោក Netanyahu សុទ្ធតែបរាជ័យក្នុងការប្រមូលសំឡេងគាំទ្រនៅក្នុងសភា អ៊ីស្រាអែលអាចនឹងត្រូវរៀបចំការបោះឆ្នោតសភាឡើងវិញជាថ្មីម្ដងទៀត៕
