ការស្ទង់មតិ៖ ពលរដ្ឋអាមេរិកភាគច្រើនចង់ឱ្យសភាអាណត្តិថ្មី បញ្ចប់សង្គ្រាមរបស់លោក ត្រាំ ជាមួយអ៊ីរ៉ង់ និងលុបចោលពន្ធគយ
10-11-2026 22:41
(វ៉ាស៊ីនតោន)៖ ប្រជាពលរដ្ឋអាមេរិកភាគច្រើនចង់ឱ្យសភាសហរដ្ឋអាមេរិកអាណត្តិថ្មី ចាត់វិធានការបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ និងលុបចោលរបាំងពន្ធគយដែលដាក់ចេញដោយប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលឆ្លុះបញ្ចាំងពីការទាមទារឱ្យមានចំណាត់ការបន្ទាន់ដើម្បីដោះស្រាយបញ្ហាទំនិញឡើងថ្លៃ និងការចំណាយលើជីវភាពរស់នៅខ្ពស់។ នេះបើតាមលទ្ធផលស្ទង់មតិថ្មីរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters/Ipsos ដែលចេញផ្សាយនៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។
លទ្ធផលនៃការស្ទង់មតិរយៈពេល ៤ថ្ងៃ ដែលបញ្ចប់កាលពីថ្ងៃចន្ទម្សិលមិញលើពលរដ្ឋអាមេរិកពេញវ័យចំនួន ១,៧០៥នាក់ បានបង្ហាញថា ពលរដ្ឋអាមេរិករហូតដល់ ៧១ភាគរយ ក្នុងនោះរួមមានអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ ៩៣ភាគរយ និងអ្នកគាំទ្រគណបក្សសាធារណរដ្ឋ ៥១ភាគរយ ចង់ឱ្យសភាអាមេរិកអនុម័តច្បាប់បញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ ដែលលោក ត្រាំ បានបើកឆាករួមគ្នាជាមួយអ៊ីស្រាអែលកាលពីខែកុម្ភៈកន្លងទៅ។ ទន្ទឹមគ្នានេះ អ្នកឆ្លើយតប ៦២ភាគរយ ក៏បានគាំទ្រឱ្យលុបចោលពន្ធគយលើទំនិញនាំចូលដែលដាក់ចេញដោយរដ្ឋបាលលោក ត្រាំ ផងដែរ ខណៈថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យបានប្ដេជ្ញាថានឹងដោះស្រាយក្ដីកង្វល់ជុំវិញថ្លៃចំណាយលើជីវភាពរស់នៅ ព្រមទាំងជំរុញឱ្យបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ និងលុបចោលពន្ធគយទាំងនោះ។
គួរបញ្ជាក់ថា សង្គ្រាមជាមួយអ៊ីរ៉ង់បានធ្វើឱ្យតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ខ្លាំង ដែលជំរុញឱ្យអតិផរណាកាន់តែកើនឡើងបន្ថែមទៀតលើផលប៉ះពាល់នៃពន្ធគយថ្មី ដែលលោក ត្រាំ បានដាក់លើទំនិញនាំចូលរាប់រយមុខ។ យ៉ាងណាក៏ដោយ លោក ត្រាំ បានការពារចំណាត់ការសង្គ្រាមនេះថាជារឿងចាំបាច់ ដើម្បីរារាំងអ៊ីរ៉ង់កុំឱ្យផលិតអាវុធនុយក្លេអ៊ែរបាន ហើយលោកក៏បានអះអាងដែរថា ការដំឡើងពន្ធគយនឹងជួយជំរុញឧស្សាហកម្មក្នុងស្រុករបស់អាមេរិក តាមរយៈការការពារទីផ្សារពីទំនិញនាំចូលដែលមានតម្លៃថោក៕

