FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៊ីតាលី រិះគន់បណ្ដាប្រទេសសហភាពអឺរ៉ុបថាមិនបានចាត់វិធានការជាក់ស្ដែង ដើម្បីពង្រឹងសន្តិសុខនៅសមុទ្រក្រហម

10-11-2026 22:26

(រ៉ូម)៖ រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី លោក ហ្គីដូ ក្រូសេត្តូ (Guido Crosetto) បានថ្លែងនៅថ្ងៃអង្គារនេះថា បណ្ដាប្រទេសនៅអឺរ៉ុបមិនទាន់ចាត់វិធានការជាក់ស្ដែងណាមួយ ដើម្បីពង្រឹងកិច្ចការពារនាវាដឹកទំនិញនៅតំបន់សមុទ្រក្រហមនៅឡើយទេ ដោយរដ្ឋាភិបាលទាំងនោះនៅតែព្រងើយកន្តើយចំពោះការអំពាវនាវរបស់លោក ដែលស្នើឱ្យបន្ថែមកម្លាំងដល់បេសកកម្មកងទ័ពជើងទឹករបស់សហភាពអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។

កាលពីខែកញ្ញាកន្លងទៅ លោក Crosetto បានទទូចឱ្យសហភាពអឺរ៉ុបពង្រឹងបេសកកម្មកងទ័ពជើងទឹក Aspides ដែលបង្កើតឡើងតាំងពីឆ្នាំ២០២៤ ហើយប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី Kaja Kallas ក៏បានផ្ញើលិខិតទៅកាន់រដ្ឋសមាជិកទាំង ២៧ ដោយបញ្ជាក់ថា បេសកកម្មនេះត្រូវការនាវាចម្បាំងលើសពី ១០គ្រឿង ទើបអាចទប់ស្កាត់ការវាយប្រហាររបស់ក្រុមហ៊ូទី (Houthis) ប្រកបដោយប្រសិទ្ធភាព។ ប៉ុន្តែការពិភាក្សាក្នុងចំណោមរដ្ឋសមាជិកនៅតែមិនទាន់មានលទ្ធផល ដោយសារប្រទេសមួយចំនួនស្ទាក់ស្ទើរក្នុងការបញ្ជូននាវាចម្បាំង។ ថ្លែងនៅទីក្រុងរ៉ូម លោក Crosetto បានសង្កត់ធ្ងន់ថា «ខ្ញុំមិនទាន់ឃើញមានចំណាត់ការជាក់ស្ដែងណាមួយនៅឡើយទេ។ ប្រតិបត្តិការរបស់អឺរ៉ុបប្រមាណមួយភាគបី គឺពឹងផ្អែកលើការរួមចំណែករបស់អ៊ីតាលី ខណៈប្រទេសដទៃទៀតដែលធំជាងយើងឆ្ងាយ បែរជារួមចំណែកតិចតួចបំផុត។ ប្រសិនបើការវិនិយោគលើបេសកកម្មជារឿងត្រឹមត្រូវ នោះគ្រប់គ្នាក៏ត្រូវតែរួមចំណែកដូចគ្នាដែរ»។

គួរបញ្ជាក់ថា សង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ បានជំរុញឱ្យក្រុមហ៊ូទីនៅយេម៉ែនបង្កើនការវាយប្រហារលើនាវាពាណិជ្ជកម្ម ដែលបង្កការរំខានយ៉ាងខ្លាំងដល់ផ្លូវនាវាចរណ៍ដ៏សំខាន់សម្រាប់ពាណិជ្ជកម្ម និងការផ្គត់ផ្គង់ថាមពលពិភពលោក រួមទាំងច្រកសមុទ្រ Bab el-Mandeb និងច្រកសមុទ្រ Hormuz ព្រមទាំងធ្វើឱ្យថ្លៃដឹកជញ្ជូននិងសម្ពាធអតិផរណាហក់ឡើងខ្ពស់។ បើតាមសមាគមម្ចាស់នាវាអ៊ីតាលី Assarmatori ទំនិញពាណិជ្ជកម្មរបស់អ៊ីតាលីជាមួយពិភពលោកប្រមាណ ៤០ភាគរយ ត្រូវដឹកជញ្ជូនឆ្លងកាត់ព្រែកជីកស៊ុយអេ (Suez Canal) ដែលស្ថិតនៅភាគខាងជើងនៃសមុទ្រក្រហម៕