FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សវនាការទម្លាក់អនុប្រធានាធិបតីហ្វីលីពីន Sara Duterte ជិតឈានដល់ទីបញ្ចប់ ខណៈរដ្ឋអាជ្ញាផ្ដោតលើបទចោទទ្រព្យសម្បត្តិមិនប្រក្រតីតែមួយគត់

10-11-2026 20:26

(ម៉ានីល)៖ សវនាការដកហូតតំណែងអនុប្រធានាធិបតីហ្វីលីពីន លោកស្រី សារ៉ា ឌូតឺតេ (Sara Duterte) កំពុងខិតជិតដល់ទីបញ្ចប់ហើយ បន្ទាប់ពីក្រុមរដ្ឋអាជ្ញាសម្រេចដកបទចោទចំនួន ៣ករណីចេញ ហើយងាកមកផ្ដោតលើបទចោទពាក់ព័ន្ធនឹងទ្រព្យសម្បត្តិមិនប្រក្រតីតែមួយគត់ ដើម្បីពន្លឿនសំណុំរឿងនេះឱ្យចប់នៅត្រឹមចុងឆ្នាំ២០២៦ មុនពេលកម្តៅនយោបាយងាកទៅរកការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៨។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។

ប្រធានក្រុមរដ្ឋអាជ្ញាតំណាងរដ្ឋសភា លោកស្រី Gerville Luistro បានបញ្ជាក់នៅថ្ងៃអង្គារនេះថា ការទុកតែបទចោទទ្រព្យសម្បត្តិមិនប្រក្រតី ហើយដកចេញនូវបទចោទពាក់ព័ន្ធនឹងការប្រើប្រាស់មូលនិធិសម្ងាត់ខុសគោលដៅ ការស៊ីសំណូក និងការគំរាមកំហែងប្រឆាំងប្រធានាធិបតី លោក Ferdinand Marcos Jr. គឺដើម្បីកុំឱ្យសវនាការអូសបន្លាយដល់ឆ្នាំក្រោយ។ លោកស្រីបានសង្កត់ធ្ងន់ថា «តួលេខមិនចេះកុហកនោះទេ» ដោយសំអាងលើឯកសារប្រកាសទ្រព្យសម្បត្តិ និងរបាយការណ៍កោសល្យវិច្ច័យហិរញ្ញវត្ថុ ដែលរកឃើញថា លោកស្រី Duterte មានទ្រព្យសម្បត្តិមិនអាចបញ្ជាក់ប្រភពច្បាស់លាស់ប្រមាណ ៨១៧លានប៉េសូ (ជិត ១៣លានដុល្លារអាមេរិក)។ ផ្ទុយទៅវិញ ក្រុមមេធាវីរបស់លោកស្រី Duterte ដែលទើបចាប់ផ្ដើមឡើងការពារក្ដីកាលពីថ្ងៃចន្ទម្សិលមិញ បានច្រានចោលតួលេខនេះ និងចាត់ទុកដំណើរការចោទប្រកាន់ទាំងមូលថាជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។

គួរបញ្ជាក់ថា លោកស្រី Sara Duterte ដែលជាកូនស្រីរបស់អតីតប្រធានាធិបតី លោក Rodrigo Duterte គឺជាបេក្ខជននាំមុខគេក្នុងការស្ទង់មតិសម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៨ ប៉ុន្តែប្រសិនបើព្រឹទ្ធសភាសម្រេចផ្តន្ទាទោស លោកស្រីនឹងបាត់បង់តំណែងអនុប្រធានាធិបតី ព្រមទាំងបាត់បង់សិទ្ធិឈរឈ្មោះកាន់តំណែងសាធារណៈជារៀងរហូត។ ដោយសារសមាជិកព្រឹទ្ធសភា ៤រូបក្នុងចំណោម ២៤រូប មិនអាចចូលរួមក្នុងសវនាការបាន តុលាការជំនុំជម្រះនៃព្រឹទ្ធសភាបានកំណត់កាលពីខែកញ្ញាថា ក្រុមរដ្ឋអាជ្ញាត្រូវការសំឡេងគាំទ្រត្រឹម ១៤សំឡេងប៉ុណ្ណោះ ជំនួសឱ្យ ១៦សំឡេង ដើម្បីគ្រប់សំឡេងភាគច្រើនពីរភាគបីក្នុងការទម្លាក់លោកស្រីចេញពីតំណែង ៕