កិច្ចចរចារវាងរុស្ស៊ីនិងអ៊ុយក្រែន ក្រោមការសម្របសម្រួលរបស់អាមេរិក ចាប់ផ្តើមនៅទីក្រុង Abu Dhabi (Video inside)
10-11-2026 16:07
(អាប៊ុយដាប៊ី)៖ កិច្ចចរចារវាងរុស្ស៊ី និងអ៊ុយក្រែន ក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិក ស្តីពីកិច្ចប្រឹងប្រែងបញ្ចប់សង្គ្រាម ដែលអូសបន្លាយអស់រយៈពេលជាង៤ឆ្នាំ បានចាប់ផ្តើមនៅទីក្រុង Abu Dhabi នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម នាថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី បានរាយការណ៍ពីការបើកកិច្ចប្រជុំខាងលើ ដោយមានភ្ជាប់រូបភាពក៏ដូចជាឃ្លីបវីដេអូ បង្ហាញឱ្យឃើញគណៈប្រតិភូអ៊ុយក្រែននិងរុស្ស៊ី អង្គុយទល់មុខគ្នា ដោយមានក្រុមបេសកជនអាមេរិក អង្គុយនៅក្បាលតុ។ វាគឺជាកិច្ចប្រជុំលើកដំបូងរវាងភាគីជម្លោះទាំង២ គិតក្នុងរយៈពេលជាង ៩ខែមកនេះ។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យមានការបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ចាប់តាំងពីលោកវិលត្រឡប់មកកាន់អំណាចសាជាថ្មី កាលពីដើមឆ្នាំ២០២៥ ប៉ុន្តែកិច្ចប្រឹងប្រែងចរចាកន្លងមក មិនទាន់ទទួលបានលទ្ធផលជារបត់សំខាន់ណាមួយឡើយទេ។ ដំណើរការចរចានេះ ក៏ត្រូវបានទុកចោលមួយឡែក អស់រយៈពេលជាច្រើនខែផងដែរ ដោយសារសង្គ្រាមរវាងអាមេរិក និងអ៉ីស្រាអែល ជាមួយអ៉ីរ៉ង់៕


