តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ក្រោយលោក ត្រាំ បន្ទន់វោហាសាស្រ្តសង្រ្គាមជាមួយអ៉ីរ៉ង់ (Video inside)
10-11-2026 15:38
(Reuters)៖ តម្លៃប្រេងនៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបន្តធ្លាក់ចុះថែមទៀត បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លើកឡើងថាមិនចាំបាច់ធ្វើសកម្មភាពយោធាប្រឆាំងនឹងអ៉ីរ៉ង់នៅពេលនេះទេ ដែលវាបានបន្ថយក្តីបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់ប្រេង នៅតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
ប្រេងឆៅប្រភេទ Brent មានតម្លៃ ៩១,៨៨ដុល្លារក្នុងមួយបារ៉ែល ដោយបានចុះថ្លៃ ៧០សេនទៀតធៀបនឹងថ្ងៃចន្ទ ខណៈប្រេងឆៅអាមេរិកប្រភេទ West Texas Intermediate (WTI) មានតម្លៃ ៨៦,០៧ដុល្លារក្នុងមួយបារ៉ែល ចុះថ្លៃ ៧៨សេន។ លោក ត្រាំ បាននិយាយកាលពីថ្ងៃចន្ទថា លោកនឹងមានគម្រោងផ្អាកការវាយប្រហារថ្មីប្រឆាំងអ៉ីរ៉ង់ជាបណ្ដោះអាសន្ន បន្ទាប់ពីមានការស្នើសុំពីបណ្ដាប្រទេសក្នុងតំបន់ រួមទាំងពីនាយករដ្ឋមន្ត្រីកាតា អំឡុងការពិភាក្សានៅសេតវិមាន។
តាមលោក Tim Waterer ប្រធានអ្នកវិភាគទីផ្សារនៅក្រុមហ៊ុន KCM Trade ចាប់តាំងពីការបោះឆ្នោតពាក់កណ្តាលអាណត្តិមក ទីផ្សារនៅតែបន្តផ្តល់អាទិភាពទៅលើវោហាសាស្រ្តទន់ភ្លន់ជាងមុនរបស់ប្រធានាធិបតី ត្រាំ ដែលនិយាយពាក់ព័ន្ធអ៉ីរ៉ង់។ លោកបញ្ជាក់ថា
«ទោះជាការវាយប្រហារលើនាវានៅជុំវិញច្រកសមុទ្រ Hormuz បន្តកើតមានក៏ដោយ ក៏វាមិនបានឈានដល់កម្រិតមួយ ដែលបង្ខំឱ្យមានការបន្ថែមថ្លៃហានិភ័យ (risk premium) ថ្មីចូលទៅក្នុងទីផ្សារនោះដែរ»៕
