លោក ហ្សេឡេនស្គី ជួបសន្ទនាតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ម៉ូឌី មុនកិច្ចចរចាសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ី
09-11-2026 21:54
(កៀវ/ញូវដេលី)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានជួបសន្ទនាតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាព នៅមុនពេលកិច្ចចរចាត្រីភាគីរវាងអ៊ុយក្រែន រុស្ស៊ី និងសហរដ្ឋអាមេរិក ចាប់ផ្តើមធ្វើឡើងនៅទីក្រុងអាប៊ូដាប៊ី (Abu Dhabi) នាថ្ងៃអង្គារស្អែកនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Statesman និងទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមសេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្ត្រីឥណ្ឌា ក្នុងជំនួបតាមទូរសព្ទនោះ លោក ហ្សេឡេនស្គី បានចែករំលែកទស្សនៈអំពីការវិវត្តថ្មីៗនៃជម្លោះជាមួយរុស្ស៊ី និងការត្រៀមលក្ខណៈសម្រាប់កិច្ចចរចានៅទីក្រុងអាប៊ូដាប៊ី ព្រមទាំងបានបញ្ជាក់ថា ឥណ្ឌាមានឆន្ទៈជួយបង្កើតច្រករបៀងដឹកជញ្ជូនស្បៀងអាហារផងដែរ។ ជាការឆ្លើយតប លោក ម៉ូឌី បានអះអាងសាជាថ្មីនូវជំហរឥតងាករេរបស់ឥណ្ឌា ដែលយកមនុស្សជាតិជាធំ ដោយសង្កត់ធ្ងន់ថាជម្លោះនេះត្រូវតែដោះស្រាយតាមរយៈការសន្ទនា និងការទូត ហើយទីក្រុងញូវដេលីត្រៀមខ្លួនជានិច្ចដើម្បីរួមចំណែកដល់រាល់កិច្ចខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយសន្តិភាព ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។
គួរបញ្ជាក់ថា កាលពីដើមខែវិច្ឆិកានេះ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក ស៊ូប្រាម៉ាន់យ៉ាម ចៃសានកា (S. Jaishankar) បានឱ្យដឹងថា ទីក្រុងញូវដេលីកំពុងពិភាក្សាជាមួយរុស្ស៊ី អ៊ុយក្រែន និងបណ្តាប្រទេសអឺរ៉ុប ដោយមានការសម្របសម្រួលជាមួយសហរដ្ឋអាមេរិក ផ្តោតលើបញ្ហាសំខាន់ៗចំនួន ៣ រួមមាន ការការពារនាវាដឹកទំនិញស៊ីវិល ការស្តារការនាំចេញធញ្ញជាតិតាមសមុទ្រខ្មៅឡើងវិញ និងការបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល។ កន្លងមក ប្រទេសអ៊ុយក្រែនក៏ធ្លាប់បានចាត់ទុកសំណើបទឈប់បាញ់របស់ឥណ្ឌា ថាជាសំណើដ៏ទូលំទូលាយបំផុតក្នុងចំណោមសំណើទាំង ៤ ដែលទីក្រុងកៀវបានទទួលផងដែរ៕
