FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្នុងសៀវភៅកំណត់ត្រាសេតវិមាន លោក ចូ បាយដិន ថា លោក ត្រាំ គួរតែស្ពាយទោសកំហុសនៃកុបកម្មថ្ងៃទី៦ ខែមករា «រហូតដល់ថ្ងៃស្លាប់»

09-11-2026 20:30

(អាត្លង់តា)៖ អតីតប្រធានាធិបតីអាមេរិក លោក ចូ បាយដិន (Joe Biden) បានសរសេរនៅក្នុងសៀវភៅកំណត់ត្រាសេតវិមានរបស់លោកថា ប្រធានាធិបតី ដូណាល់ ត្រាំ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រទេសជាតិ និងពិភពលោក ហើយការភូតកុហកអស់ជាច្រើនឆ្នាំអំពីការបរាជ័យក្នុងការបោះឆ្នោតឆ្នាំ២០២០ ក៏ដូចជាការវាយប្រហារលើវិមានសភាកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ គួរតែតាមជាប់ខ្លួនលោក ត្រាំ «រហូតដល់ថ្ងៃស្លាប់»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP។

នៅក្នុងសម្រង់អត្ថបទដំបូងនៃសៀវភៅកំណត់ត្រាមានចំណងជើងថា «Promise Me, America» ដែលទស្សនាវដ្តី The Atlantic បានចុះផ្សាយនៅថ្ងៃចន្ទនេះ មុនពេលសៀវភៅពេញលេញចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកាខាងមុខ អតីតប្រធានាធិបតីវ័យ ៨៣ឆ្នាំរូបនេះ បានរិះគន់លោក ត្រាំ ថាបានដឹកនាំការបះបោរ ដើម្បីក្រាញអំណាចក្រោយពេលពលរដ្ឋអាមេរិកបោះឆ្នោតទម្លាក់ចេញពីតំណែង ហើយថែមទាំងបានលើកលែងទោសដល់ក្រុមកុបករជាង ១,៥០០នាក់ទៀតផង។ លោក បាយដិន បានសរសេរសង្កត់ធ្ងន់ថា៖ «មកទល់សព្វថ្ងៃ លោក ត្រាំ និងអ្នកគាំទ្រនៅតែធ្វើឫកពាអួតអាងថាខ្លួនជាអ្នកគាំទ្រមន្ត្រីអនុវត្តច្បាប់ ប៉ុន្តែអ្នកមិនអាចធ្វើមិនដឹងមិនឮចំពោះសកម្មភាពវាយដំ ចាក់ និងបាញ់ថ្នាំពុលយ៉ាងព្រៃផ្សៃទៅលើមន្ត្រីប៉ូលិស ហើយហៅខ្លួនឯងថាជាមិត្តរបស់មន្ត្រីអនុវត្តច្បាប់នោះឡើយ។ អ្វីដែលលោក ត្រាំ បានធ្វើនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ មិនគួរត្រូវបំភ្លេចឡើយ ហើយវាគួរតែតាមជាប់ខ្លួនគាត់រហូតដល់ថ្ងៃស្លាប់»។

គួរបញ្ជាក់ថា នៅក្នុងសៀវភៅដដែលនេះ លោក បាយដិន ក៏បានរំឭកពីជំនួបរយៈពេល ២ម៉ោងនៅការិយាល័យពងក្រពើជាមួយលោក ត្រាំ ក្រោយការបោះឆ្នោតឆ្នាំ២០២៤ ដែលពេលនោះលោក ត្រាំ បាននិយាយថារូបលោកមានអារម្មណ៍ធូរស្រាលដែលមិនបាច់ប្រកួតជាមួយលោក បាយដិន និងថែមទាំងពោលថា «បើកុំតែរឿងនយោបាយ ខ្ញុំជឿថាយើងទាំងពីរអាចក្លាយជាមិត្តភក្តិដ៏ល្អនឹងគ្នា» ប៉ុន្តែជំនួបនោះបានធ្វើឱ្យលោក បាយដិន បារម្ភយ៉ាងខ្លាំងថាលោក ត្រាំ នឹងបំផ្លាញសមិទ្ធផលនៃអាណត្តិរបស់លោក ជាពិសេសគោលនយោបាយប្រែប្រួលអាកាសធាតុ។ កាលពីថ្ងៃអាទិត្យម្សិលមិញ លោក បាយដិន ដែលកំពុងទទួលការព្យាបាលជំងឺមហារីកក្រពេញប្រូស្តាត បានបង្ហោះសារលើបណ្តាញសង្គមថា ក្រុមវេជ្ជបណ្ឌិតមានសុទិដ្ឋិនិយមចំពោះការឆ្លើយតបនឹងការព្យាបាលរបស់លោក ប៉ុន្តែដោយសារបញ្ហាសុខភាព លោកនឹងមិនអាចចេញធ្វើសកម្មភាពផ្សព្វផ្សាយសៀវភៅថ្មីនេះបានច្រើនដូចការរំពឹងទុកឡើយ៕