FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គលេខាធិការ UN ព្រមានថា ពិភពលោកកំពុងឈានចូល «យុគសម័យនៃអាកាសធាតុអាក្រក់បំផុត»

09-11-2026 19:30

(អាន់តាល់យ៉ា)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អង់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) បានព្រមាននៅថ្ងៃចន្ទនេះថា ពិភពលោកកំពុងឈានចូលដល់ «យុគសម័យថ្មីនៃអាកាសធាតុអាក្រក់បំផុត» ដែលគ្រោះមហន្តរាយអាកាសធាតុក្លាយជារឿងធម្មតា ព្រមទាំងបានជំរុញឱ្យមេដឹកនាំពិភពលោកដែលចូលរួមសន្និសីទអាកាសធាតុ COP31 នៅទីក្រុង Antalya ប្រទេសតួកគីយ៉េ ចាត់វិធានការឱ្យបានម៉ឺងម៉ាត់ប្រាកដប្រជា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Arab News ដោយដកស្រង់ប្រភពពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦។

នៅក្នុងសេចក្តីថ្លែងការណ៍ លោក ហ្គូតេរ៉េស បានគូសបញ្ជាក់ថា៖ «បាតុភូតអែលនីញ៉ូ (El Nino) ដ៏ខ្លាំងក្លា កំពុងបោកបក់មកលើភពផែនដីដែលរងកម្ដៅខ្លាំងស្រាប់ដោយសារការប្រែប្រួលអាកាសធាតុបង្កឡើងដោយមនុស្ស ធ្វើឱ្យយើងឈានចូលដល់យុគសម័យថ្មីនៃអាកាសធាតុអាក្រក់បំផុត»។ ប្រមុខ UN រូបនេះបានអំពាវនាវឱ្យមេដឹកនាំពិភពលោកកាត់បន្ថយការបំភាយឧស្ម័នពុលឱ្យបានកាន់តែលឿន ពន្លឿនការផ្លាស់ប្តូរចេញពីឥន្ធនៈផូស៊ីល និងផ្តល់ហិរញ្ញប្បទាន ព្រមទាំងការការពារដល់បណ្តាប្រទេសងាយរងគ្រោះ។ ការព្រមាននេះធ្វើឡើងស្របពេលដែលអង្គការឧតុនិយមពិភពលោក (WMO) បានចេញរបាយការណ៍បង្ហាញថា រយៈពេល ១២ឆ្នាំចុងក្រោយនេះ គឺជាឆ្នាំដែលក្តៅបំផុតក្នុងកំណត់ត្រា ដោយសីតុណ្ហភាពមធ្យមលើផ្ទៃផែនដីចន្លោះខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៦ បានកើនឡើងប្រមាណ ១.៤៧អង្សាសេ ខ្ពស់ជាងកម្រិតមុនយុគសម័យឧស្សាហកម្ម។

គួរបញ្ជាក់ថា ប្រធានអង្គការ WMO លោកស្រី សេឡេស្តេ សៅឡូ (Celeste Saulo) បានព្រមានថា បាតុភូតអែលនីញ៉ូនាពេលបច្ចុប្បន្ន ដែលរំពឹងថាខ្លាំងក្លាបំផុតគិតចាប់តាំងពីឆ្នាំ១៩៥០ អាចនឹងបង្កកម្ដៅ និងអាកាសធាតុអាក្រក់កាន់តែខ្លាំងបន្តរហូតដល់ឆ្នាំក្រោយ ដោយពិភពលោកត្រូវត្រៀមខ្លួនសម្រាប់ឆ្នាំ២០២៧ ដែលអាចបំបែកកំណត់ត្រាក្តៅបំផុតថ្មីមួយទៀត។ របាយការណ៍ដដែលក៏បានបង្ហាញដែរថា កម្ពស់ទឹកសមុទ្រសកលបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ខណៈកាលពីឆ្នាំ២០២៥ បរិមាណទឹកកកដែលរលាយជារៀងរាល់វិនាទី មានទំហំស្មើនឹងអាងហែលទឹកអូឡាំពិកចំនួន ៥ ទើបអង្គការ WMO ជំរុញឱ្យកិច្ចប្រជុំ COP31 បង្កើនការវិនិយោគលើប្រព័ន្ធប្រកាសអាសន្នមុនគ្រោះមហន្តរាយ និងការព្យាករណ៍អាកាសធាតុជាបន្ទាន់៕