COP31 រៀបចំនៅតួកគីយ៉េ ក្នុងរបៀបវារៈរាប់ចាប់ពីសម្ភាធពីសង្រ្គាមប៉ះពាល់ដល់គោលដៅដោះស្រាយបញ្ហាអាកាសធាតុ រហូតដល់បច្ចេកវិទ្យា AI
09-11-2026 16:14
(ANTALYA)៖ អ្នកតំណាងមកពីជិត ២០០ប្រទេស នឹងជួបជុំគ្នានៅឯទីក្រុងនៃតំបន់ឆ្នេរមេឌីទែរ៉ាណេ ប្រទេសតួគីយ៉េ នាថ្ងៃចន្ទ ទី៩ ខែវិច្ឆិកានេះ សម្រាប់ការពិភាក្សាស្តីពីបញ្ហាអាកាសធាតុរយៈពេល ២សប្តាហ៍ ចំពោះមុខក្តីបារម្ភអំពីសន្តិសុខថាមពល ដែលបង្កឡើងដោយសារតែកត្តាសង្គ្រាម តម្រូវការថាមពលច្រើនសន្ធឹកសន្ធាប់សម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងការដកខ្លួនចេញរបស់សហរដ្ឋអាមេរិក បង្កើតជាសម្ពាធថ្មីមួយលើកិច្ចខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំងនឹងការឡើងកម្ដៅផែនដី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ធ្វើឱ្យប្រទេសជាច្រើនស្វះស្វែងរកការផ្គត់ផ្គង់ប្រេង និងចាប់ផ្តើមដំណើរការរោងចក្រថាមពលធ្យូងថ្មឡើងវិញ។ ការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា AI បានជំរុញឱ្យតម្រូវការថាមពលកើនឡើងខ្ពស់។ ម្យ៉ាងទៀត ប្រទេសជាអ្នកបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ក៏កំពុងបដិសេធមិនចូលរួមក្នុងកិច្ចសហប្រតិបត្តិការលើបញ្ហាអាកាសធាតុជារៀងរាល់ឆ្នាំ ដោយ២០២៦នេះគឺជាឆ្នាំទីពីរជាប់ៗគ្នាហើយ។
ក្រុមអ្នកសង្កេតការណ៍ បានឱ្យដឹងថា កត្តាទាំងអស់នេះបង្កើតបាននូវបរិបទដ៏លំបាក ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់តួគីយ៉េ ដែលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុលើកទី៣១ ហៅកាត់ COP31 ក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងមួយ។ ក្នុងនាមប្រធាន COP31 តួគីយ៉េបានកំណត់គោលដៅចម្បង ឱ្យកិច្ចប្រជុំកំពូលដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិ (UN) ឆ្នាំនេះ ថាគឺការផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលអគ្គិសនីនៅក្នុងវិស័យសេដ្ឋកិច្ចពិភពលោក ឱ្យបានជាងមួយភាគបីនៅត្រឹមឆ្នាំ២០៣៥។ តួគីយ៉េ ក៏កំពុងអំពាវនាវឱ្យបណ្តាប្រទេសនានា ចុះហត្ថលេខាលើការប្តេជ្ញាចិត្តដើម្បីគាំទ្រដល់គោលដៅនេះផងដែរ។
ប៉ុន្តែ អ្នកតស៊ូមតិលើបញ្ហាអាកាសធាតុបានរិះគន់ការប្តេជ្ញាចិត្តនេះ ដោយសារវាគ្មានចំណុចតម្រូវថាថាមពលអគ្គិសនី ត្រូវតែបានមកពីប្រភពដែលបញ្ចេញកាបូនទាប។ គ្រាន់តែចំណុចនេះ វាបានបង្កឱ្យមានភាពមិនចុះសម្រុងទៅហើយ។ ក្រុមប្រទេសនានា រួមទាំងបណ្តាប្រទេសកោះប៉ាស៉ីហ្វិកខាងត្បូង ដែលងាយរងគ្រោះបំផុតចំពោះការកើនឡើងនីវ៉ូសមុទ្រ កំពុងជំរុញឱ្យមានផែនទីបង្ហាញផ្លូវជាសកលច្បាស់លាស់ជាងមុន ដើម្បីឈានទៅរកការលះបង់ការប្រើប្រាស់ឥន្ធនៈហ្វូស៉ីល ហើយវាតែងតែជាប្រធានបទដ៏ចម្រូងចម្រាស អំឡុងពេលមានកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ។
ដោយឡែក សម្ពាធឱ្យមានការចាត់វិធានការឱ្យបានឆាប់ពាក់ព័ន្ធបញ្ហាប្រែប្រួលអាកាសធាតុ ក៏កំពុងកើនឡើងផងដែរ។ កម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ បានលើកឡើងថា ពិភពលោកកំពុងឆ្ពោះទៅរកការកើនឡើងកម្ដៅលើសពី ១.៥អង្សាសេ បើធៀបនឹងសម័យមុនឧស្សាហកម្ម ដែលជាកម្រិតកំណត់មួយនៅក្នុងកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុទីក្រុងប៉ារីស ឆ្នាំ ២០១៥៕

