Reuters៖ អតីតនាយករដ្ឋមន្រ្តីបង់ក្លាដែស Sheikh Hasina ស្នើសុំលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណថ្មី បន្ទាប់ពីអះអាងថានឹងត្រឡប់ចូលស្រុកវិញ (Video inside)
09-11-2026 15:39
(ដាក្កា)៖ យោងតាមលិខិតដែលទីភ្នាក់ងារព័ត៌មាន Reuters ទទួលបាន អតីតនាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី Sheikh Hasina បានស្នើសុំលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណថ្មី ដើម្បីអាចឱ្យលោកស្រីធ្វើដំណើរចេញពីប្រទេសឥណ្ឌា ជាទីលោកស្រីកំពុងស្នាក់នៅនិរទេសខ្លួន ចាប់តាំងពីភៀសខ្លួនចេញពីបង់ក្លាដែស ដោយបាតុកម្មដ៏ហិង្សាកាលពីឆ្នាំ២០២៤។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦។
ការស្នើសុំនេះសបញ្ជាក់ពីគម្រោងច្បាស់លាស់របស់លោកស្រី Hasina ក្នុងការវិលត្រឡប់ទៅបង់ក្លាដែសវិញ នាខែធ្នូខាងមុខ។ លោកស្រីបានប្រាប់ Reuters ថាលោកស្រីមានគម្រោងត្រឡប់មកវិញដើម្បីប្រគល់ខ្លួនជូនតុលាការ ហើយក្រុមជំនួយការលោកស្រី បាននិយាយនៅថ្ងៃចន្ទនេះថា កាលបរិច្ឆេទនឹងត្រូវប្រកាសនៅពេលបញ្ចប់នីតិវិធីផ្លូវការផ្សេងៗ។
«ដោយពិចារណាលើករណីស្នើសុំធ្វើលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណជាតិបង់ក្លាដែសពីសំណាក់កូនក្តី (លោកស្រី Hasina) ដែលរដ្ឋាភិបាលអន្តរកាល និងអាជ្ញាធរបង់ក្លាដែសផ្សេងទៀតបានលុបចោល ខ្ញុំសូមស្នើដោយក្តីគោរពឱ្យលោកស្រីចាត់វិធានការចាំបាច់នានា ដើម្បីចេញលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណបង់ក្លាដែសថ្មី ជូនដល់កូនក្តី»។ នេះជាខ្លឹមសារដែលមេធាវីរបស់លោកស្រី Hasina មកពីការិយាល័យច្បាប់ Matrix Chambers មានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានសរសេរផ្ញើជូនលោកស្រី Preeti Rahman ដែលកំពុងបំពេញតួនាទីជាឧត្តមស្នងការស្តីទី នៅស្ថានទូតបង់ក្លាដែស ប្រចាំទីក្រុង Delhi។
គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ តុលាការកាត់ទោសឧក្រិដ្ឋកម្មសង្គ្រាមរបស់បង់ក្លាដែស បានកាត់ទោសប្រហារជីវិតលោកស្រី Hasina ពីបទបញ្ជាឱ្យមានការបង្ក្រាបដ៏សាហាវទៅលើចលនាតស៊ូ ដែលដឹកនាំដោយនិស្សិត ក្នុងពេលដែលលោកស្រី គ្មានវត្តមាននៅទីនោះ ខណៈដែលលោកស្រីបានបដិសេធ។ ជុំវិញការវិត្តន៍ថ្មីនេះ លោកស្រី Rahman និងអ្នកនាំពាក្យរបស់លោក Tarique Rahman នាយករដ្ឋមន្ត្រីបង់ក្លាដែស មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយទេ៕
