FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជប៉ុន៖ អភិបាលកោះ Okinawa ស្នើឱ្យពិនិត្យឡើងវិញលើកិច្ចព្រមព្រៀងកងទ័ពអាមេរិក ក្រោយករណីឃាតកម្ម (Video inside)

09-11-2026 15:01

(តូក្យូ)៖ អភិបាលខេត្តដែនកោះ Okinawa បាននិយាយនាថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ថាលោកនឹងស្នើឱ្យមានការពិនិត្យឡើងវិញ ចំពោះកិច្ចព្រមព្រៀង ដែលត្រូវបានគេមើលឃើញថា ផ្តល់ការអនុគ្រោះពិសេសដល់យោធាអាមេរិកនៅក្នុងប្រទេសជប៉ុន បន្ទាប់ពីផ្ទុះករណីឃាតកម្មមួយ ដែលជនសង្ស័យជាទាហានម៉ារីនអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

កាលពីខែតុលា រដ្ឋអាជ្ញាជប៉ុនបានចោទប្រកាន់ ទាហានម៉ារីនអាមេរិកម្នាក់ ពីបទសង្ស័យបានសម្លាប់ស្ត្រីជនជាតិជប៉ុន អាយុ៣៩ឆ្នាំម្នាក់ ក្នុងសណ្ឋាគារមួយនៅ Okinawa។ ករណីនេះបានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំង និងធ្វើឱ្យផ្ទុះការជជែកដេញដោលឡើងវិញ អំពីវត្តមានយោធាអាមេរិក នៅលើដែនកោះភាគខាងត្បូងរបស់ជប៉ុនមួយនេះ។

សហរដ្ឋអាមេរិក មានបុគ្គលិកយោធាប្រមាណ ៥៤ ០០០នាក់ឈរជើងនៅក្នុងប្រទេសជប៉ុន ដែលភាគច្រើនស្ថិតនៅកោះ Okinawa។ បទល្មើសដែលប្រព្រឹត្តដោយទាហានអាមេរិក បានក្លាយជាបន្លាមួយយូរមកហើយ នៅក្នុងទំនាក់ទំនងរវាងសម្ព័ន្ធមិត្តទាំងពីរ ដែលមានកិច្ចសហប្រតិបត្តិការសន្តិសុខយ៉ាងជិតស្និទ្ធ។

អភិបាលខេត្ត Okinawa លោក Genta Koja បាននិយាយថា «ខ្ញុំនឹងអំពាវនាវឱ្យមានការពិនិត្យឡើងវិញជាមូលដ្ឋាន លើកិច្ចព្រមព្រៀង SOFA»។ រូបលោកចង់សំដៅលើ កិច្ចព្រមព្រៀងស្តីពីស្ថានភាពកងកម្លាំងអាមេរិក-ជប៉ុន ឆ្នាំ១៩៦០ ដែលត្រូវបានគេរិះគន់ថា ផ្តល់ឱ្យមូលដ្ឋានយោធាអាមេរិក នូវស្ថានភាពស្ទើរតែនៅដាច់ដោយឡែកក្រៅដែនយុត្តាធិការរបស់ប្រទេសជប៉ុន និងរួចផុតពីការអនុវត្តច្បាប់ក្នុងស្រុករបស់ជប៉ុន។ លោក Koja បានបន្ថែមថា ករណីឃាតកម្មខាងលើ គឺជាឧក្រិដ្ឋកម្មដ៏សាហាវបំផុតមួយ ដែលបានបង្កការភ័យព្រួយបារម្ភជាខ្លាំង ដល់ប្រជាពលរដ្ឋនៅកោះ Okinawa»។

គួរបញ្ជាក់ថា កាលពីខែមុន ក្រុមសមាជិកសភានៅកោះ Okinawa បានអនុម័តសេចក្តីសម្រេចមួយ អំពាវនាវឱ្យកែសម្រួលកិច្ចព្រមព្រៀង SOFA ហើយសេចក្តីសម្រេចនោះ នឹងត្រូវបញ្ជូនទៅកាន់ស្ថានទូតអាមេរិក ក្នុងពេលឆាប់ៗ៕