ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ ថា ហេតុការណ៍ផ្ទុះនៅភាគខាងត្បូងប្រទេសមិនមែនជាការវាយប្រហាររបស់អាមេរិកឡើយ ខណៈភាគីទាំងពីររាយការណ៍ពីការបាញ់ប្រហារលើកប៉ាល់
08-11-2026 22:45
(គែរ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានលើកឡើងថា សំឡេងផ្ទុះជាច្រើនលើកនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ កាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញ ទំនងជាជាប់ពាក់ព័ន្ធនឹងសកម្មភាពយោធារបស់អ៊ីរ៉ង់ខ្លួនឯង ជាជាងការវាយប្រហាររបស់សហរដ្ឋអាមេរិក ស្របពេលដែលភាគីទាំងពីរបានរាយការណ៍ពីការវាយប្រហារលើកប៉ាល់ដឹកទំនិញ និងកប៉ាល់ដឹកប្រេងនៅក្នុង និងក្បែរច្រកសមុទ្រ Hormuz។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានឱ្យដឹងថា អាជ្ញាធរមិនបានបញ្ជាក់ពីការវាយប្រហារដោយមីស៊ីលណាមួយលើទឹកដីអ៊ីរ៉ង់នោះទេ បើទោះបីជាទីភ្នាក់ងារព័ត៌មាន Tasnim រាយការណ៍ថាមានមីស៊ីលពីរគ្រាប់ធ្លាក់លើកោះ Qeshm ក៏ដោយ។ ទន្ទឹមគ្នានេះ កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) អះអាងថា កប៉ាល់ដឹកប្រេងពីរគ្រឿងបានឆាបឆេះក្រោយបើកប៉ះមីន ពេលព្យាយាមឆ្លងកាត់ផ្លូវទឹកដោយគ្មានការអនុញ្ញាតក្នុងច្រកសមុទ្រ Hormuz ហើយកប៉ាល់ដឹកប្រេងទី៣ ក៏បានផ្ទុះឆេះផងដែរ។ ចំណែកយោធាអាមេរិកបានប្រកាសកាលពីល្ងាចថ្ងៃសៅរ៍ថា កងទ័ពអាកាសរបស់ខ្លួនបានបាញ់ប្រហារលើផ្នែកខាងក្រោយនៃកប៉ាល់ពាណិជ្ជកម្មមួយគ្រឿងនៅឈូងសមុទ្រអូម៉ង់ ដើម្បីបញ្ឈប់កប៉ាល់នោះកុំឱ្យឆ្លងកាត់ការបិទខ្ទប់របស់អាមេរិក ហើយព្រមទាំងបានបង្កើតក្រុមការងារពិសេសមួយដើម្បីទប់ស្កាត់ការដឹកជញ្ជូនអាវុធទំនើប និងទំនិញជាប់ទណ្ឌកម្មចូលទៅអ៊ីរ៉ង់តាមព្រំដែនគោក និងសមុទ្រកាសព្យែន។
គួរបញ្ជាក់ថា ភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ានៅតែបន្តឡើងកម្ដៅ ដោយនៅថ្ងៃអាទិត្យនេះ ក្រសួងថាមពលអារ៉ាប៊ីសាអូឌីតបានឱ្យដឹងថា អគាររដ្ឋបាលមួយកន្លែងរបស់ក្រុមហ៊ុនប្រេងរដ្ឋ Saudi Aramco ក្នុងទីក្រុងរីយ៉ាដ បានរងការខូចខាតដោយសារបំណែកធ្លាក់ពីលើអាកាសក្រោយការប៉ុនប៉ងវាយប្រហារ ប៉ុន្តែមិនបណ្តាលឱ្យមានមនុស្សរងរបួសឡើយ។ ទោះជាយ៉ាងណា ប្រទេសកាតាដែលជាអ្នកសម្របសម្រួល បានច្រានចោលសេចក្តីរាយការណ៍ថាអាមេរិក និងអ៊ីរ៉ង់ បរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀង ដោយអះអាងថាទីក្រុងវ៉ាស៊ីនតោនកំពុងពិនិត្យមើលសំណើនុយក្លេអ៊ែរដែលអ៊ីរ៉ង់បានដាក់ជូន ប៉ុន្តែទីក្រុងតេហេរ៉ង់ទាមទារឱ្យអាមេរិកបំពេញលក្ខខណ្ឌទាំង ៧ចំណុចរបស់ខ្លួនជាមុនសិន រួមមានការដកទណ្ឌកម្ម ការប្រគល់ទ្រព្យសម្បត្តិបង្កក និងការផ្តល់សំណងសង្គ្រាម៕


