មនុស្សយ៉ាងហោចណាស់ ២១នាក់ស្លាប់ ក្រោយទូកដឹកជនអន្តោប្រវេសន៍លិចនៅឆ្នេរសមុទ្រប្រទេសសេណេហ្គាល់
08-11-2026 21:22
(ដាកា)៖ ក្រសួងមហាផ្ទៃនៃប្រទេសសេណេហ្គាល់ បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា មនុស្សយ៉ាងហោចណាស់ ២១នាក់បានបាត់បង់ជីវិត បន្ទាប់ពីទូកដឹកជនអន្តោប្រវេសន៍មួយគ្រឿងបានលិចនៅឯនាយឆ្នេរសមុទ្រនៃប្រទេសសេណេហ្គាល់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងសេចក្តីថ្លែងការណ៍បង្ហោះលើបណ្តាញសង្គម X ក្រសួងមហាផ្ទៃបានបញ្ជាក់ថា គ្រោះថ្នាក់នេះបានកើតឡើងនៅឯនាយឆ្នេរសមុទ្រនៃទីក្រុង Kebemer ដែលស្ថិតនៅចម្ងាយប្រមាណ ១៨០គីឡូម៉ែត្រភាគខាងជើងរដ្ឋធានីដាកា (Dakar) ហើយគិតត្រឹមល្ងាចថ្ងៃសៅរ៍ម្សិលមិញ អាជ្ញាធរបានជួយសង្គ្រោះមនុស្សម្នាក់នៅរស់រានមានជីវិត និងស្រង់បានសាកសពជនរងគ្រោះចំនួន ២១នាក់។ បច្ចុប្បន្ន ប្រតិបត្តិការរុករក និងជួយសង្គ្រោះនៅតែបន្តធ្វើឡើង ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតបន្ថែមទៀត ខណៈអាជ្ញាធរមិនទាន់បញ្ជាក់ពីចំនួនមនុស្សសរុបដែលជិះនៅលើទូកធ្វើអន្តោប្រវេសន៍ខុសច្បាប់នោះនៅឡើយទេ។
គួរបញ្ជាក់ថា តាមទិន្នន័យរបស់អង្គការសិទ្ធិជនអន្តោប្រវេសន៍ Walking Borders មនុស្សរាប់ពាន់នាក់បានបាត់បង់ជីវិតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងអំឡុងពេលព្យាយាមធ្វើដំណើរឆ្លងសមុទ្រពីតំបន់អាហ្វ្រិកខាងលិច ឆ្ពោះទៅកាន់ប្រជុំកោះ Canary របស់ប្រទេសអេស្ប៉ាញ ដែលក្នុងនោះរួមមានទាំងអ្នកស្លាប់ចំនួន ៦៣៥នាក់ នៅក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ នេះផងដែរ៕

