រដ្ឋមន្ត្រីការបរទេសបារាំង ថា បណ្តាប្រទេសអឺរ៉ុបនឹងចូលរួមកិច្ចចរចាសន្តិភាពអ៊ុយក្រែន នៅទីក្រុងអាប៊ូដាប៊ី នាសប្តាហ៍ក្រោយ
08-11-2026 20:18
(ប៉ារីស)៖ រដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់-ណូអែល បារ៉ូត (Jean-Noel Barrot) បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា បណ្តាប្រទេសអឺរ៉ុបនឹងចូលរួមនៅក្នុងកិច្ចចរចាស្តីពីបញ្ហាអ៊ុយក្រែន នៅទីក្រុងអាប៊ូដាប៊ី (Abu Dhabi) នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម នាសប្តាហ៍ក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
ថ្លែងក្នុងបទសម្ភាសន៍ជាមួយស្ថានីយវិទ្យុបារាំង RTL លោក បារ៉ូត បានគូសបញ្ជាក់ថា៖ «បណ្តាប្រទេសអឺរ៉ុបនឹងមានតំណាងចូលរួមយ៉ាងពេញលេញ ហើយប្រទេសបារាំងក៏នឹងមានវត្តមាននៅទីក្រុងអាប៊ូដាប៊ី ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាទាំងនេះផងដែរ។ ខ្ញុំមិនទាន់អាចប្រាប់អ្នកទាំងអស់គ្នាបាននៅឡើយទេ ថាតើនរណានឹងតំណាងឱ្យប្រទេសបារាំងក្នុងឱកាសនោះ ប៉ុន្តែបារាំងពិតជានឹងមានវត្តមាននៅទីនោះជាក់ជាមិនខាន»។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្តាហ៍មុន បេសកជនពិសេសអាមេរិក លោក ស្ទីវ វីតកហ្វ (Steve Witkoff) បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹងកោះអញ្ជើញគណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ី មកជួបចរចាគ្នានៅទីក្រុងអាប៊ូដាប៊ី នាថ្ងៃទី១០ និងទី១១ ខែវិច្ឆិកាខាងមុខ ដើម្បីពិភាក្សាអំពីការបញ្ចប់សង្គ្រាមរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន កិច្ចព្រមព្រៀងធានាសន្តិសុខក្រោយសង្គ្រាម និងការបន្ធូរបន្ថយភាពតានតឹង៕
