ការតែងតាំងលោក Stephen Miller ដឹកនាំសេតវិមាន បង្ហាញថាលោក ត្រាំ ត្រៀមប្រឈមមុខកាន់តែខ្លាំងក្នុងពីរឆ្នាំចុងក្រោយ
08-11-2026 19:12
(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីរដ្ឋបាលលោក ត្រាំ និងសមាជិកគណបក្សសាធារណរដ្ឋបានលើកឡើងថា ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការដំឡើងឋានៈមនុស្សជំនិតដ៏ស្មោះស្ម័គ្រ គឺលោក ស្ទីហ្វិន មីលលើ (Stephen Miller) ឱ្យកាន់តំណែងជានាយកខុទ្ទកាល័យសេតវិមាន បង្ហាញថាលោកគ្រោងបង្កើនការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងនៅក្នុងរយៈពេល ២ឆ្នាំចុងក្រោយនៃអាណត្តិ និងទប់ស្កាត់រាល់សម្ពាធនយោបាយ ព្រមទាំងសេដ្ឋកិច្ចពីខាងក្រៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្រុមមន្ត្រី និងអ្នកជំនាញមើលឃើញថា ក្រោមការដឹកនាំសេតវិមានរបស់លោក មីលលើ វ័យ ៤១ឆ្នាំ ជំនួសលោកស្រី ស៊ូស៊ី វ៉ាលស៍ (Susie Wiles) រដ្ឋបាលលោក ត្រាំ នឹងបន្តយុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍យ៉ាងតឹងរ៉ឹង និងមិនធ្វើសម្បទានចំពោះគណបក្សប្រជាធិបតេយ្យនៅក្នុងសភាឡើយ ខណៈសមាជិកបក្សសាធារណរដ្ឋដែលរារែកនឹងរងសម្ពាធកាន់តែខ្លាំង ហើយក្រុមហ៊ុនអាជីវកម្មក៏នឹងកាន់តែពិបាកបញ្ចុះបញ្ចូលសេតវិមានផងដែរ។ លោក ដាន អ៊ីបឺហាត (Dan Eberhart) ម្ចាស់ជំនួយលោក ត្រាំ និងជានាយកប្រតិបត្តិក្រុមហ៊ុនថាមពល បានកត់សម្គាល់ថា ចំណាត់ការនេះជាសញ្ញាបង្ហាញថារដ្ឋបាលលោក ត្រាំ នឹងប្រើយុទ្ធសាស្ត្រ «ប្រយុទ្ធចេញពីលេណដ្ឋាន» ក្នុងរយៈពេល ២ឆ្នាំចុងក្រោយ ស្របពេលដែលកាលពីថ្ងៃសៅរ៍ម្សិលមិញ លោក ត្រាំ បានបញ្ជាឱ្យក្រសួងយុត្តិធម៌ស៊ើបអង្កេតលើសមាជិកបក្សប្រជាធិបតេយ្យដែលលោកចោទថាបានផ្ញើលិខិតគំរាមកំហែងដល់ម្ចាស់ជំនួយបក្សសាធារណរដ្ឋ ព្រមទាំងបានផ្តល់តំណែងអ្នកនាំពាក្យសេតវិមានដល់ប្រធានស្ថាប័នប្រដាល់ លោក ដាណា វ៉ាយត៍ (Dana White) ទៀតផង។
គួរបញ្ជាក់ថា លោក មីលលើ ដែលបានចូលរួមយុទ្ធនាការឃោសនារបស់លោក ត្រាំ តាំងពីឆ្នាំ២០១៦ និងបានថ្លែងកាលពីថ្ងៃសុក្រថាលោក ត្រាំ គឺជាអ្នកជួយសង្គ្រោះសហរដ្ឋអាមេរិក ត្រូវបានមជ្ឈដ្ឋានទូទៅចាត់ទុកថាជាអ្នកមនោគមវិជ្ជាដ៏ម៉ឺងម៉ាត់ និងជាអ្នករៀបចំគោលនយោបាយបង្ក្រាបជនអន្តោប្រវេសន៍ដ៏តឹងរ៉ឹងបំផុត។ ទោះបីការស្ទង់មតិរបស់ Reuters/Ipsos កាលពីខែតុលាបង្ហាញថា មានពលរដ្ឋត្រឹមតែ ៣៧ភាគរយប៉ុណ្ណោះដែលពេញចិត្តនឹងការដោះស្រាយបញ្ហាអន្តោប្រវេសន៍របស់លោក ត្រាំ (ធ្លាក់ចុះពី ៥០ភាគរយពេលចូលកាន់តំណែងដំបូង) ហើយសមាជិកសភាបក្សសាធារណរដ្ឋ លោក ដន បេខុន (Don Bacon) ធ្លាប់ព្រមានថាគោលនយោបាយអន្តោប្រវេសន៍ និងពន្ធគយកំពុងធ្វើឱ្យបាត់បង់ការគាំទ្រពីម្ចាស់ឆ្នោតក៏ដោយ ក៏មន្ត្រីអន្តោប្រវេសន៍អាមេរិកអះអាងថារដ្ឋបាលលោក ត្រាំ មិនមានសញ្ញាបន្ធូរដៃលើកូតាចាប់បញ្ជូនជនអន្តោប្រវេសន៍នោះឡើយ៕

