FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមចម្រុះអារ៉ាប៊ីសាអូឌីត អះអាងថាបានបាញ់ស្ទាក់មីស៉ីល​ សំដៅមកទីក្រុងរីយ៉ាដ (Video inside)

08-11-2026 15:52

(រីយ៉ាដ)៖ ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតដែលកំពុងប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូទី ក្នុងប្រទេសយេម៉ែន បានអះអាងពីការស្ទាក់ចាប់ និងបំផ្លាញមីស៉ីលផ្លោង ២គ្រាប់ ដែលបាញ់ចេញដោយក្រុមគាំទ្រដោយអ៉ីរ៉ង់មួយនេះ ឆ្ពោះមកកាន់ទីក្រុងរីយ៉ាដ នាថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

សាក្សីម្នាក់បានប្រាប់ Reuters ថាអាជ្ញាធរការពារជនស៉ីវិលរបស់អារ៉ាប៊ីសាអូឌីតបានចេញសេចក្តីជូនដំណឹងឱ្យមានការប្រុងប្រយ័ត្ននៅក្នុងតំបន់នៃទីក្រុងរីយ៉ាដ។ ក្រុមចម្រុះបានឱ្យដឹងថា ខ្លួនបានស្ទាក់ចាប់ និងបំផ្លាញមីស៉ីលផ្លោង ២គ្រាប់ នៅទីក្រុងរីយ៉ាដ និងតំបន់ភាគខាងត្បូង។

ហេតុការណ៍នេះ កើតមានឡើងមួយថ្ងៃ បន្ទាប់ពីក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហ៊ូទី ក្នុងប្រទេសយេម៉ែន បានលើកឡើងថា ការវាយប្រហារតាមផ្លូវអាកាសរបស់អារ៉ាប៊ីសាអូឌីត បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៣នាក់ នៅជិតរដ្ឋធានី Sanaa។ អាជ្ញាធរសាអូឌីតបានបញ្ជាក់ថា ពួកគេកំពុងស៉ើបអង្កេតលើករណីនេះ។

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នារវាងអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូទី បានធ្វើឱ្យកិច្ចព្រមព្រៀងឈប់បាញ់ឆ្នាំ២០២២ ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ ដួលរលំ។ ជម្លោះនេះបានកើតឡើងបន្ទាប់ពីអារ៉ាប៊ីសាអូឌីត ដឹកនាំសម្ព័ន្ធរដ្ឋអារ៉ាប់មួយចូលទៅក្នុងប្រទេសយេម៉ែនឆ្នាំ២០១៥ ដើម្បីស្តាររដ្ឋាភិបាលដែលទទួលស្គាល់ដោយអន្តរជាតិឡើងវិញ ក្រោយពេលដែលក្រុមហ៊ូទី ចូលកាន់កាប់រដ្ឋធានី Sanaa។ ការផ្ទុះឡើងវិញនៃការប្រយុទ្ធនេះបានក្លាយជាសមរភូមិក្នុងសង្គ្រាមដ៏ទូលំទូលាយនៅតំបន់មជ្ឈិមបូព៌ា ដែលបង្កឡើងដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលទៅលើអ៉ីរ៉ង់ កាលពីខែកុម្ភៈ៕