យោធាអាមេរិកបាញ់នាវាដឹកទំនិញមួយគ្រឿង ដែលព្យាយាមឆ្លងកាត់ទីតាំងបិទខ្ទប់ នៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់ (Video inside)
08-11-2026 13:44
(វ៉ាស៉ីនតោន)៖ ទីបញ្ជាការកណ្តាលយោធាអាមេរិក បានឱ្យដឹងថា យន្តហោះយោធាអាមេរិកមួយគ្រឿងបានបាញ់ប្រហារ និងធ្វើឱ្យនាវាពាណិជ្ជកម្មមួយគ្រឿងគាំងដំណើរការ ដោយសារតែនាវានោះព្យាយាមបំបែកការបិទខ្ទប់ផ្លូវរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៉ីរ៉ង់ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៨ ខែវិច្ឆកា ឆ្នាំ២០២៦ ។
នាវាមួយគ្រឿងនោះជានាវាដឹកទំនិញដែលចុះបញ្ជីនៅប្រទេសក្នុងតំបន់ Caribbean គឺ St. Kitts ដែលព្យាយាមចាកចេញពីដែនទឹកក្នុងតំបន់បន្ទាប់ពីបានចូលចតនៅកំពង់ផែមួយរបស់ប្រទេសអ៉ីរង់។ ក្នុងហេតុការណ៍នោះ យន្តហោះអាមេរិកមួយគ្រឿងបានបាញ់ទៅលើផ្នែកខាងក្រោយនៃនាវា បន្ទាប់ពីកងកម្លាំងអាមេរិកបញ្ជាឱ្យនាវិកចាកចេញពីទីតាំងគោលដៅ។
នៅក្នុងកិច្ចខិតខំប្រឹងប្រែងបិទផ្លូវទឹកអ៉ីរ៉ង់ក្នុងរយៈពេលប៉ុន្មានខែមកនេះ យោធាអាមេរិកក៏បាននិយាយកាលពីថ្ងៃសៅរ៍ ថាខ្លួនកំពុងចាប់ផ្តើមចាត់វិធានការយ៉ាងតឹងរ៉ឹងប្រឆាំងនឹងការដឹកជញ្ជូនអាវុធទំនើបៗ និងសម្ភារៈផ្សេងទៀតដែលស្ថិតក្រោមការដាក់ទណ្ឌកម្មលើទីក្រុងតេហេរ៉ង់ តាមរយៈព្រំដែនគោក និងសមុទ្រកាសព្យែន។
តាមការប្រមាណរបស់ទីបញ្ជាការកណ្តាលយោធាអាមេរិក ការបិទផ្លូវសមុទ្រនេះបានរារាំងអ៉ីរ៉ង់ពីការនាំចេញប្រេងឆៅគិតជាទឹកប្រាក់ជាង ២៥ពាន់លានដុល្លារ៕

