ស៉ីរី បដិសេធផែនការបញ្ជូនកងទ័ពទៅអារ៉ាប៊ីសាអូឌីត ប៉ុន្តែលើកឡើងពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការយោធាកាន់តែស៉ីជម្រៅ (Video inside)
08-11-2026 11:43
(ដាម៉ាស)៖ អ្នកការទូតស៉ីរីបានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA ថាស៉ីរីមិនមានផែនការបញ្ជូនកងទ័ពទៅកាន់យេម៉ែនឡើយ និងបានច្រានចោលសេចក្តីរាយការណ៍នានាដែលថាអាចនឹងមានការបញ្ជូនកងទ័ពទៅទីនោះ ប៉ុន្តែបានបន្ថែមថាកិច្ចសហប្រតិបត្តិការយោធាជាមួយអារ៉ាប៊ីសាអូឌីត អាចនឹងមានការពង្រីកបន្ថែមទៀតនាពេលអនាគត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
អារ៉ាប៊ីសាអូឌីត បានធ្លាក់ចូលទៅក្នុងជម្លោះសារជាថ្មីជាមួយក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ចាប់តាំងពីខែកក្កដា នៅពេលដែលសង្រ្គាមរាលដាលនោមជ្ឈិមបូព៌ា បានបង្កឱ្យសង្គ្រាមនៅយេម៉ែនផ្ទុះឡើងវិញ ហើយចាប់តាំងពីពេលនោះមក ទីក្រុងរីយ៉ាដបានស្វែងរកការគាំទ្រទាំងផ្នែកការពារពីសម្ព័ន្ធមិត្តជាច្រើន។
Reuters បានធ្វើសេចក្តីរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់សម្តីប្រភពយោធាស៉ីរី និងមន្ត្រីជាន់ខ្ពស់អាមេរិកថា ប្រទេសស៉ីរីបានបញ្ជូនបុគ្គលិកយោធាមួយចំនួនទៅកាន់អារ៉ាប៊ីសាអូឌីតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដើម្បីផ្តល់ការប្រឹក្សាយោបល់ និងបណ្តុះបណ្តាលផ្នែកយោធា។
អ្នកការទូតស៉ីរីរូបនោះ បានប្រាប់ទីភ្នាក់ងារ SANA ថាកិច្ចសហប្រតិបត្តិការយោធានាពេលបច្ចុប្បន្ន គឺផ្តោតលើការបណ្តុះបណ្តាលកងកម្លាំង ការកសាងសមត្ថភាព និងការផ្លាស់ប្តូរជំនាញយោធា។ ដំណើរទស្សនកិច្ចសម្របសម្រួលដោយមន្ត្រីអារ៉ាប៊ីសាអូឌីតទៅកាន់ស៉ីរី គ្រោងចាប់ផ្តើមនៅខែក្រោយ ហើយកិច្ចសហប្រតិបត្តិការនេះអាចនឹងវិវត្តទៅជាកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមក ឬឈានដល់ការចូលរួមរបស់ស៉ីរីនៅក្នុងកិច្ចព្រមព្រៀង Mecca ដែលទាំងអស់នេះអាស្រ័យលើផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។
Mecca គឺជាកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមក ដែលតសម្រេចបានកាលពីខែសីហា ដោយអារ៉ាប៊ីសាអូឌីត ប៉ាគីស្ថាន និងតួគីយ៉េ។ តួគីយ៉េបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះកាលពីថ្ងៃព្រហស្បតិ៍ ដែលបើកផ្លូវឱ្យទីក្រុងអង់ការ៉ាផ្តល់ការគាំទ្រផ្នែកយោធាដល់ទីក្រុងរីយ៉ាដ៕
