FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ហេតុការណ៍បាញ់ប្រហារទ្រង់ទ្រាយធំក្នុងទីក្រុង Krakow ប្រទេសប៉ូឡូញ​ បណ្តាលឱ្យមនុស្ស​ ៦នាក់ស្លាប់​ និងរបួស​ ១៧នាក់រួមទាំងខ្មាន់កាំភ្លើង (Video inside)

08-11-2026 09:27

(Krakow)៖ ក្រុមមន្ត្រីបានឱ្យដឹងកាលពីថ្ងៃសៅរ៍សប្តាហ៍នេះថា ជនជាតិប៉ូឡូញម្នាក់ដែលប្រដាប់ដោយអាវុធ ហើយទំនងជាទទួលឥទ្ធិពលពីមនោគមវិជ្ជាស្តាំនិយមជ្រុល បានសម្លាប់មនុស្ស ៦នាក់នៅទីលានមួយកណ្តាលទីក្រុង Krakow ភាគខាងត្បូងប្រទេសប៉ូឡូញ មុនពេលត្រូវប៉ូលិសបាញ់ និងចាប់ខ្លួនរូបគេបាន។ នេះបើយោងតាមការចេញផ្សាយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្រុមមន្ត្រីក៏បានឱ្យដឹងថា សាកសព ៣នាក់ផ្សេងទៀតត្រូវបានរកឃើញនៅក្នុងផ្ទះរបស់ជនសង្ស័យ។ ទិដ្ឋភាពកន្លែងកើតហេតុនៅទីតាំងទេសចរណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ប៉ូឡូញ បានធ្វើឱ្យប្រជាជាតិទាំងមូលមានការតក់ស្លុត ខណៈដែលប្រទេសនេះតែងតែចាត់ទុកខ្លួនឯងថាមានសុវត្ថិភាពជាងបណ្តាប្រទេសនៅអឺរ៉ុបខាងលិច ដែលធ្លាប់ជួបប្រទះហេតុការណ៍បែបនេះកាលពីមុន។

ប៉ូលិសបានឱ្យដឹងថា ពួកគេទទួលបានសេចក្តីរាយការណ៍នៅវេលាម៉ោងប្រហែល ៣រសៀលថ្ងៃសៅរ៍ ថាមានខ្មាន់កាំភ្លើងម្នាក់បើកការបាញ់ប្រហារចេញពីរថយន្ត ដោយបាញ់រះទៅលើមនុស្សម្នានៅឯទីលានកណ្តាលទីក្រុងធំទីពីររបស់ប្រទេសប៉ូឡូញ Krakow ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ។ រដ្ឋមន្ត្រីមហាផ្ទៃ​ លោក Marcin Kierwinski បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា «រាល់តម្រុយទាំងអស់បង្ហាញថាខ្មាន់កាំភ្លើងរូបនេះទទួលឥទ្ធិពលពីមនោគមវិជ្ជាស្តាំនិយមជ្រុល ដែលចំណុចនេះក៏នឹងត្រូវស្ថិតនៅក្រោមការស៉ើបអង្កេតផងដែរ»។

មន្ត្រីប៉ូលិស ក៏ដូចជាភ្នាក់ងារមកពីទីភ្នាក់ងារសន្តិសុខផ្ទៃក្នុង បានចុះទៅដល់ទីតាំងកើតហេតុ ហើយក៏មានវត្តមាននៅឯលំនៅដ្ឋានរបស់គ្រួសារជនសង្ស័យផងដែរ។ អាជ្ញាធរប៉ូឡូញបានឱ្យដឹងថាស្ត្រី ៤នាក់ និងបុរស ២នាក់បានស្លាប់ រីឯមនុស្ស ១៧នាក់រួមទាំងមន្ត្រីប៉ូលិស ២នាក់ និងខ្មាន់កាំភ្លើងក៏បានរងរបួស។ អ្នកនាំពាក្យក្រសួងមហាផ្ទៃនិយាយថា ជនបរទេស ៥នាក់ដែលរងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារនោះ គឺមកពីអូទ្រីស អាល្លឺម៉ង់ ព័រទុយហ្គាល់ រុស្ស៉ី និងអង់គ្លេស៕