កាតាថាកិច្ចប្រឹងប្រែងសម្របសម្រួលរបស់ខ្លួនរវាងអាមេរិក និងអ៉ីរ៉ង់ កំពុងបន្តទប់ស្កាត់ការកើនឡើងជម្លោះ
07-11-2026 21:58
(Reuters)៖ នាយករដ្ឋមន្ត្រីកាតាបាននិយាយថាកិច្ចប្រឹងប្រែងសម្របសម្រួលពីប្រទេសរបស់លោក រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់បាន និងកំពុងបន្តរារាំងកុំឱ្យស្ថានការណ៍ក្នុងតំបន់រាលដាលចេញពីការគ្រប់គ្រង។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងបទសម្ភាសន៍មួយចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីកាតា ព្រះអង្គម្ចាស់ Sheikh Mohammed bin Abdulrahman Al-Thani បានកត់សម្គាល់ថារដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំនៅតែមានឆន្ទៈចង់ស្វែងរកដំណោះស្រាយនៅក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ ហើយចំណាប់អារម្មណ៍របស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយក៏មិនមានការប្រែប្រួលនោះដែរ។
នាយករដ្ឋមន្ត្រីកាតាបានបន្ថែមថាភាពរីកចម្រើនដ៏សំខាន់បានកើតឡើង ហើយព្រះអង្គផ្ទាល់បានបង្ហាញក្ដីសង្ឃឹមថាដំណោះស្រាយមួយអាចនឹងត្រូវបានឈានដល់។ «យើងមិនអាចរង់ចាំដើម្បីសម្រេចបានកិច្ចព្រមព្រៀងដ៏ល្អឥតខ្ចោះមួយនោះទេ យើងសង្ឃឹមថាអាចនឹងឈានដល់កិច្ចព្រមព្រៀងល្អមួយ»។ នេះជាការគូសបញ្ជាក់របស់ព្រះអង្គម្ចាស់ Al-Thani។
គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ Tasnim នៅថ្ងៃសៅរ៍នេះដែរបានរាយការណ៍ថាមានសេចក្ដីរាយការណ៍បឋមដែលអាចបញ្ជាក់បានថាមីស៊ីល២គ្រាប់បានវាយប្រហារលើកោះ Qeshm តែមិនទាន់មានព័ត៌មានផ្លូវការពីការខូចខាតនោះទេ។ ចំណែកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបានទទួលស្គាល់ថាយោធាអាមេរិកបានបើកការវាយប្រហារសាជាថ្មីទ្រង់ទ្រាយតូចលើកោះ Qeshm កាលពីថ្ងៃសុក្រ ដោយកំណត់គោលដៅលើប្រព័ន្ធការពារដែនអាកាសរបស់អ៉ីរ៉ង់ ខណៈអះអាងថាទីក្រុងវ៉ាស៊ីនតោនសម្រេចបានភាពរីកចម្រើនជាច្រើនក្នុងកិច្ចចរចាជាមួយតេហេរ៉ង់៕
