FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម

07-11-2026 18:26

(វ៉ាស៊ីនតោន)៖ រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានជំរុញមន្ត្រីកំពូលម្នាក់របស់ចិន នៅថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ថាប៉េកាំងត្រូវតែអនុវត្តភ្លាមៗតាមការប្ដេជ្ញាចិត្តរបស់ខ្លួននៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយមានអាយុកាលជិតមួយឆ្នាំមកនេះ ជាពិសេស ពាក់ព័ន្ធនឹងការនាំចេញរ៉ែកម្រ និងរ៉ែសំខាន់ដទៃទៀត ព្រមទាំងការសន្យាទិញផលិតផលកសិកម្មពីអាមេរិក។ នេះបើតាមការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent និងតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer បានជំរុញឱ្យឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទឱ្យអនុវត្តតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាក្នុងទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង កាលពីខែតុលា ឆ្នាំ២០២៥។ ក្នុងសេចក្ដីថ្លែងការណ៍មួយ តំណាងពាណិជ្ជកម្មអាមេរិកបានគូសបញ្ជាក់ដូច្នេះថា «អំឡុងកិច្ចសន្ទនាតាមទូរស័ព្ទ តំណាងពាណិជ្ជកម្មអាមេរិក លោក Greer បានកត់សម្គាល់ពីសារៈសំខាន់នៃការចាត់វិធានការសកម្មភាពរបស់ចិនដើម្បីអនុវត្តយ៉ាងពេញលេញតាមការប្ដេជ្ញាចិត្តរបស់ខ្លួន ជាពិសេសពាក់ព័ន្ធនឹងការសន្យាទិញផលិតផលកសិកម្មពីសហរដ្ឋអាមេរិក រ៉ែកម្រ និងរ៉ែសំខាន់»។

នៅក្នុងកិច្ចពិភាក្សានោះ ចិនក៏បានបង្ហាញពីការព្រួយបារម្ភផងដែរជុំវិញការរឹតត្បិតថ្មីៗនេះរបស់សហរដ្ឋអាមេរិកដែលមានគោលដៅលើទីក្រុងប៉េកាំង។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានចិន Xinhua។ ប៉ុន្តែបើតាម Xinhua លោក He Lifeng ដែលជាប្រធានក្រុមអ្នកចរចារបស់ចិនលើទំនាក់ទំនងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក បានឯកភាពគ្នាជាមួយសមភាគីអាមេរិករបស់លោកដើម្បីបន្តប្រើប្រាស់ការពិគ្រោះយោបល់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយវិជ្ជមាន និងស្ថិរភាព។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង ត្រូវបានរំពឹងថានឹងជួបគ្នានៅឯកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក APEC ក្នុងទីក្រុង Shenzhen ប្រទេសចិនពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា និងអាចជួបគ្នាម្ដងទៀតនៅឯកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុង Miami សហរដ្ឋអាមេរិក ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែធ្នូខាងមុខ៕