វិមានក្រឹមឡាំង៖ ក្រុមមន្ត្រីការទូត-យោធារុស្ស៉ី នឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន
07-11-2026 17:52
(Reuters)៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Interfax ថាគណៈប្រតិភូរុស្ស៉ីដែលនឹងត្រូវចូលរួមក្នុងកិច្ចចរចាជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន នៅសប្ដាហ៍ក្រោយ នឹងរួមមានមន្ត្រីជាន់ខ្ពស់យោធា និងការទូតក្នុងនោះរួមមានដូចជាអនុរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Ryabkov។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
កិច្ចពិភាក្សាត្រីភាគីក្នុងទីក្រុង Abu Dhabi ដែលមានគោលដៅស្វែងរកដំណោះស្រាយបិទបញ្ចប់សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន គ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃអង្គារ និងថ្ងៃពុធសប្ដាហ៍ក្រោយ ហើយវានឹងក្លាយជាកិច្ចចរចាត្រីភាគីលើកដំបូងចាប់តាំងពីខែកុម្ភៈមក។ តាមទីភ្នាក់ងារសារព័ត៌មាន Interfax គណៈប្រតិភូរុស្ស៉ីនឹងត្រូវបានដឹកនាំសាជាថ្មីដោយប្រមុខក្រុមអ្នកចរចានៃវិមានក្រឹមឡាំង លោក Vladimir Medinsky រួមទាំងលោក Ryabkov ដែលនឹងមានវត្តមានជាលើកដំបូង និងលោក Yuri Zhigarlovsky មន្ត្រីជាន់ខ្ពស់អគ្គសេនាធិការ។
លោក Ryabkov មានតួនាទីត្រួតពិនិត្យលើទំនាក់ទំនងរបស់រុស្ស៉ីជាមួយតំបន់អាមេរិកខាងជើង និងខាងត្បូង ហើយទទួលខុសត្រូវលើការគ្រប់គ្រងអាវុធ ទប់ស្កាត់ការរីកសាយអាវុធនុយក្លេអ៊ែរ និងបញ្ហាពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់។ ចំណែក លោក Zhigarlovsky ជាអនុប្រធាននាយកដ្ឋានប្រតិបត្តិការចម្បងនៃអគ្គសេនាធិការរុស្ស៉ី ដែលជាអង្គភាពមួយទទួលខុសត្រូវលើការរៀបចំផែនការយោធា និងប្រតិបត្តិការ៕



