FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក Xi Jinping ប្រធានរដ្ឋចិន ជួបពិភាក្សាការងារជាមួយលោក Nguema ប្រធានាធិបតីហ្កាបុង

07-11-2026 16:56

(ប៉េកាំង)៖ នៅរសៀលថ្ងៃទី ៦ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Nguema ប្រធានាធិបតីហ្កាបុង ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន នៅវិមានសភាប្រជាជនទីក្រុងប៉េកាំង។ មេដឹកនាំនៃប្រទេសទាំងពីរ បានរួមគ្នាប្រកាសការដំឡើងកម្រិតនៃទំនាក់ទំនងទ្វេភាគី ទៅជាសហគមន៍ជោគវាសនារួមចិន-ហ្កាបុងក្នុងយុគសម័យថ្មី។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិន និងប្រទេសហ្កាបុង មានឧត្តមភាពសេដ្ឋកិច្ចបំពេញបន្ថែមគ្នាជាច្រើន និងមានសក្តានុពលធំធេង សម្រាប់កិច្ចសហប្រតិបត្តិការ។ ភាគីទាំងពីរគួរតែពង្រឹងការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ ពូនជ្រំចំណុចកំណើនថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ ប្រើប្រាស់កាលានុវត្តភាពថ្មីៗនៃគោលនយោបាយស្តីពី “ពន្ធគយសូន្យភាគរយ” និង "ច្រកបៃតង" សម្រាប់នាំចូលផលិតផលកសិកម្ម នៃអាហារអាហ្វ្រិកទៅកាន់ប្រទេសចិន និងជំរុញការពង្រីកនិងការធ្វើឱ្យប្រសើរឡើង នៃកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ព្រមទាំងជំរុញការអភិវឌ្ឍឧស្សាហកម្មរបស់ប្រទេសហ្កាបុង កំណើនឱកាសការងារ និងការកែលម្អជីវភាពរស់នៅរបស់ប្រជាជន ដើម្បីលើកកម្ពស់សមត្ថភាព សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចដោយឯករាជ្យម្ចាស់ការ។

ជាការឆ្លើយតប លោក Nguema បានថ្លែងថា ប្រទេសហ្កាបុងសូមកោតសរសើរយ៉ាងខ្លាំងចំពោះការផ្តួចផ្តើមរបស់ប្រទេសចិនអំពីពហុភាគីនិយម និងការប្រកាន់ខ្ជាប់គោលជំហរយុត្តិធម៌ និងភាពមិនលំអៀងក្នុងកិច្ចការអន្តរជាតិ និងតំបន់។ ប្រទេសហ្កាបុងមានឆន្ទៈក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយប្រទេសចិន ពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអាហ្វ្រិក-ចិន និងរួមគ្នាគាំពារផលប្រយោជន៍របស់ប្រទេសសកលខាងត្បូង៕

វិទ្យុមិត្តភាពកម្ពុជាចិន