ប្រធានាធិបតីប៉ារ៉ាហ្កាយ ត្រូវបានទម្លាក់ពីតំណែង និងស្ថិតក្រោមការឃុំខ្លួនក្នុងផ្ទះ ក្រោយផ្ទុះវិបត្តិធនាគារ
07-11-2026 13:36
(អាសង់ស្យុង)៖ លោក Pedro Alliana បានស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់ប្រទេសប៉ារ៉ាហ្កាយកាលពីថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្របពេលដែលអាជ្ញាធរ បានដាក់អតីតប្រធានាធិបតី លោក Santiago Peña ដែលត្រូវបានទម្លាក់ពីតំណែង ឱ្យស្ថិតក្រោមការឃុំខ្លួនក្នុងផ្ទះ។ វាជាការវិវត្តចុងក្រោយបំផុត នៃវិបត្តិនយោបាយនិងហិរញ្ញវត្ថុដែលកំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស បន្ទាប់ពីធនាគារឌីជីថលមួយបានដួលរលំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Peña ត្រូវបានទម្លាក់ពីតំណែងប្រធានាធិបតី តាមរយៈការបោះឆ្នោតជាឯកច្ឆន្ទរបស់ព្រឹទ្ធសភា ដោយសារតែទំនាក់ទំនងពីមុនរបស់លោក ជាមួយធនាគារឌីជីថល ueno ដែលបានដួលរលំ និងបានផ្តល់សេវាគណនីធនាគារដល់ប្រជាជនស្ទើរពាក់កណ្តាលនៃប្រទេសប៉ារ៉ាហ្កាយ។ ទោះបីលោក Peña បានដាក់លិខិតលាលែងពីតំណែងកាលពីថ្ងៃព្រហស្បតិ៍ក្តី ព្រឹទ្ធសភាបានសម្រេចដំណើរការនីតិវិធីដកតំណែង ជំនួសឱ្យការទទួលយកការលាលែងនោះ ហើយបានចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីតែងតាំងលោក Alliana ដែលជាអនុប្រធានាធិបតី ឱ្យឡើងកាន់តំណែងជំនួស។
ភាពចលាចលនៅប្រទេសអាមេរិកខាងត្បូងមួយនេះ បានចាប់ផ្តើមក្នុងសប្តាហ៍នេះ នៅពេលធនាគារកណ្តាលរបស់ប៉ារ៉ាហ្កាយ ធ្វើអន្តរាគមន៍លើធនាគារ ueno ។ ធនាគារឌីជីថលនេះ បានរីកចម្រើនយ៉ាងឆាប់រហ័ស ចាប់តាំងពីបើកដំណើរការ ក្នុងឆ្នាំ២០២១។ ប៉ុន្តែការងឿងឆ្ងល់ ក្រោយមកក៏បានលេចឡើង ពាក់ព័ន្ធនឹងរបៀបនៃការផ្តល់ប្រាក់កម្ចី និងទំនាក់ទំនងរបស់ធនាគារ ជាមួយឥស្សរជននយោបាយ និងហិរញ្ញវត្ថុដ៏មានឥទ្ធិពលរបស់ប៉ារ៉ាហ្កាយ ក្នុងនោះរួមទាំងលោក Peña ដែលមកទល់ឆ្នាំមុន នៅមានឈ្មោះជាម្ចាស់ភាគហ៊ុនម្នាក់ក្នុងក្រុមហ៊ុនមេរបស់ធនាគារ ueno រួមទាំងលោក Carlos Carvallo ដែលជាប្រធានធនាគារកណ្តាល និងធ្លាប់ដឹកនាំធនាគារ ueno រហូតដល់ឆ្នាំ២០២៣។ កាលពីថ្ងៃសុក្រ ក្រុមរដ្ឋអាជ្ញាក៏បានចេញដីកាចាប់ខ្លួនលោក Carvallo ផងដែរ។ មន្ត្រីផ្សេងទៀតក្នុងរង្វង់មនុស្សជំនិតរបស់លោក Peña ក៏បានលាលែងពីតំណែងដូចគ្នា រួមមានរដ្ឋមន្ត្រីមហាផ្ទៃ ប្រធានខុទ្ទកាល័យ និងទីប្រឹក្សាពីររូប។
គួរបញ្ជាក់ថា វិបត្តិនយោបាយខាងលើ បានរាលដាលដល់តាមដងផ្លូវ ដោយក្រុមបាតុករបាននាំគ្នា ប្រមូលផ្តុំធ្វើការតវ៉ានៅកណ្តាលរដ្ឋធានី Asuncion ដើម្បីទាមទារឱ្យមានការទទួលខុសត្រូវ ចំពោះការដួលរលំរបស់ធនាគារ ueno និងការផ្តល់សំណងឱ្យបានឆាប់ដល់ប្រជាជនជាច្រើនដែលបានដាក់ប្រាក់បញ្ញើ ខណៈប្រាក់សន្សំរបស់ពួកគេ នៅតែជាប់គាំងមិនអាចដកចេញបាន៕



