ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
06-11-2026 22:50
(ឡុងដ៍)៖ ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប បានទទួលការគំរាមដាក់គ្រាប់បែក ដែលព្រមានថា «ពេលវេលាកំពុងរាប់ថយក្រោយ» នៅថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ធ្វើឱ្យមានការជម្លៀសបុគ្គលិក និងការផ្អាកកម្មវិធីផ្សាយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ស្ថានីយដែលទទួលការគំរាម រួមមាន RTE របស់អៀរឡង់ Sky របស់អង់គ្លេស ទូរទស្សន៍ឯកជន Nova TV របស់ប៊ុលហ្គារី និងស្ថានីយមួយចំនួនទៀត ប៉ុន្តែមិនមានគ្រាប់បែកណាមួយត្រូវបានរកឃើញនៅទីតាំងទាំងនោះទេ។ ក្នុងអំឡុងពេលនោះ កម្មវិធីរបស់ RTE ត្រូវបានជំនួសដោយតន្ត្រី និងសារដែលថតទុកជាមុន ដែលខ្លះយូររហូតដល់៣ម៉ោង។
អ៊ីមែលមួយដែល Nova TV និង RTE ទទួលបាន សរសេរថា «យើងចង់ឱ្យពិភពលោកទាំងមូលស្គាល់យើង ដូច្នេះហើយសមាជិកម្នាក់របស់យើងបានដាក់ឧបករណ៍ផ្ទុះនៅក្នុងអគាររបស់អ្នក។ វានឹងផ្ទុះក្នុងរយៈពេល៤៥នាទីទៀត។ ពេលវេលាកំពុងរាប់ថយក្រោយ»។
គួរបញ្ជាក់ថា ការគំរាមនេះកើតឡើងបន្ទាប់ពីមានការគំរាមដាក់គ្រាប់បែកក្លែងក្លាយជាបន្តបន្ទាប់ ដែលបានរំខានដល់ជើងហោះហើរដឹកអ្នកដំណើរពីស៊ែប៊ី ហ្វាំងឡង់ រហូតដល់អេស្ប៉ាញ ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយបង្ខំឱ្យយន្តហោះប្តូរផ្លូវ ចុះចតបន្ទាន់ និងឆែកឆេរសន្តិសុខ ទោះបីរហូតមកដល់ពេលនេះ មិនទាន់រកឃើញគ្រឿងផ្ទុះណាមួយក៏ដោយ ខណៈការព្រួយបារម្ភពីការលួចចូលប្រព័ន្ធកុំព្យូទ័រ ក៏កំពុងកើនឡើងក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយ រួមទាំងការវាយប្រហារតាមអ៊ីនធឺណិតលើផ្សារទំនើបផងដែរ៕


