FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់ចិន និងកូរ៉េខាងជើងជួបគ្នានៅប៉េកាំង អំពាវនាវឱ្យពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធ

06-11-2026 20:14

(ប៉េកាំង)៖ មន្ត្រីជាន់ខ្ពស់ចិន លោក Cai Qi បានប្រាប់គណៈប្រតិភូកូរ៉េខាងជើងនៅទីក្រុងប៉េកាំង នៅថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា ភាគីទាំងពីរគួរពង្រឹងការទំនាក់ទំនង និងការសម្របសម្រួលផ្នែកយុទ្ធសាស្ត្រ ព្រមទាំងរួមគ្នាជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ដែលទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់។

ក្នុងជំនួបជាមួយលោក Kim Song Nam ប្រធាននាយកដ្ឋានកិច្ចការអន្តរជាតិនៃបក្សពលករកូរ៉េ ដែលទទួលបន្ទុកទំនាក់ទំនងជាមួយបក្សកុម្មុយនិស្តចិន លោក Cai Qi បានឱ្យដឹងថា ចិនត្រៀមខ្លួនរួមគ្នាជាមួយកូរ៉េខាងជើង ដើម្បី «អនុវត្តការឯកភាពសំខាន់ៗ» ដែលមេដឹកនាំកំពូលនៃប្រទេសទាំងពីរសម្រេចបាន ព្រមទាំងបន្តមិត្តភាពជាប្រពៃណី និងពង្រឹងការរៀនសូត្រពីគ្នាទៅវិញទៅមកលើការគ្រប់គ្រងបក្ស។

គួរបញ្ជាក់ថា ដំណើររបស់គណៈប្រតិភូកូរ៉េខាងជើងមកកាន់ចិននេះ ធ្វើឡើងភ្លាមៗក្រោយកិច្ចប្រជុំសំខាន់មួយរបស់បក្សកុម្មុយនិស្តចិន ស្តីពីការរឹតបន្តឹងវិន័យផ្ទៃក្នុងបក្ស និងក្រោយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅកាន់ទីក្រុងព្រំដែន Dandong របស់ចិន កាលពីចុងខែតុលា៕