FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បក្សប្រជាធិបតេយ្យអាមេរិក គ្រោងដាក់ចេញសេចក្តីព្រាងច្បាប់ជាច្រើន ដើម្បីគ្រប់គ្រងបច្ចេកវិទ្យា AI និងមជ្ឈមណ្ឌលទិន្នន័យ នៅខែមករាខាងមុខ

06-11-2026 19:11

(វ៉ាស៊ីនតោន)៖ ក្រុមសមាជិកសភា ជំនួយការសភា និងអ្នកតស៊ូមតិបានឱ្យដឹងថា គណបក្សប្រជាធិបតេយ្យកំពុងរៀបចំផែនការដាក់ចេញនូវសេចក្តីព្រាងច្បាប់ថ្មីៗជាច្រើន សំដៅគ្រប់គ្រងប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) និងការសាងសង់មជ្ឈមណ្ឌលទិន្នន័យ (Data Centers) នៅក្នុងអាណត្តិសភាអាមេរិកថ្មីនាខែមករាខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ផែនការនេះគឺជាការផ្លាស់ប្តូរទិសដៅយ៉ាងខ្លាំងធៀបនឹងសភាអាណត្តិមុន ដែលផ្តោតសំខាន់លើការជំរុញការអភិវឌ្ឍបច្ចេកវិទ្យា AI និងបដិសេធមិនអនុម័តច្បាប់រឹតត្បិត ស្របពេលពលរដ្ឋកាន់តែច្រើនបានប្រឆាំងជំទាស់នឹងការរីកដុះដាលយ៉ាងឆាប់រហ័សនៃមជ្ឈមណ្ឌលទិន្នន័យដែលស៊ីថាមពលអគ្គិសនីដ៏មហាសាល។ ក្រុមសមាជិកសភាបក្សប្រជាធិបតេយ្យគ្រោងស្នើច្បាប់ការពារពលរដ្ឋពីការកើនឡើងថ្លៃអគ្គិសនីដោយសារមជ្ឈមណ្ឌលទិន្នន័យ តម្រូវឱ្យធ្វើតេស្តដោយឯករាជ្យលើប្រព័ន្ធ AI កម្រិតខ្ពស់ និងកំណត់ការទទួលខុសត្រូវផ្លូវច្បាប់របស់ក្រុមហ៊ុន AI នៅពេលផលិតផលរបស់ពួកគេបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។ ទោះបីសេចក្តីព្រាងច្បាប់ទាំងនេះនឹងប្រឈមឧបសគ្គពីប្រធានាធិបតី ដូណាល់ ត្រាំ ដែលតែងជំទាស់នឹងការដាក់ចេញបទប្បញ្ញត្តិរឹតត្បិតលើ AI ក៏ដោយ ក៏គណៈកម្មាធិការសភាអាចប្រើអំណាចជំរុញសំណើច្បាប់ និងកោះហៅថ្នាក់ដឹកនាំក្រុមហ៊ុន AI មកឆ្លើយបំភ្លឺក្រោមសម្បថ ដូចការលើកឡើងរបស់សមាជិកសភា លោក ហ្គ្រេក កាសារ (Greg Casar) នាសប្តាហ៍នេះ។

គួរបញ្ជាក់ថា ការរឹតត្បិតណាមួយពីរដ្ឋាភិបាលសហព័ន្ធទៅលើការអភិវឌ្ឍបច្ចេកវិទ្យា AI អាចនឹងប៉ះពាល់ដល់ប្រាក់ចំណេញរបស់ក្រុមហ៊ុនបច្ចេកវិទ្យា ប្រសិនបើវាធ្វើឱ្យយឺតយ៉ាវដល់ការបញ្ចេញម៉ូដែល AI ថ្មីៗ ឬបង្ខំឱ្យក្រុមហ៊ុនត្រូវកែប្រែដំណើរការឧបករណ៍ AI របស់ខ្លួន។ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ភាគហ៊ុនក្រុមហ៊ុនបច្ចេកវិទ្យាបានធ្លាក់ចុះយ៉ាងគំហុក ដោយសារក្តីបារម្ភថាសភាអាណត្តិថ្មីនឹងធ្វើឱ្យការអភិវឌ្ឍវិស័យ AI ថមថយល្បឿន គួបផ្សំនឹងការភ័យខ្លាចថាការបោះទុនវិនិយោគដ៏មហាសាលលើហេដ្ឋារចនាសម្ព័ន្ធ AI នឹងមិនអាចផ្តល់ផលចំណេញត្រឡប់មកវិញឱ្យបានគ្រប់គ្រាន់៕