ប្រព័ន្ធផ្សព្វផ្សាយ៖ តុលាការតួកគីយ៉េ សម្រេចឃុំខ្លួនអតីតរដ្ឋមន្ត្រីម្នាក់ ពាក់ព័ន្ធការស៉ើបអង្កេតលើបញ្ហាហិរញ្ញវត្ថុ (Video inside)
06-11-2026 15:52
(អង់ការ៉ា)៖ ទីភ្នាក់ងារព័ត៌មានរដ្ឋ Anadolu និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផ្សេងទៀត បានរាយការណ៍ថា តុលាការតួគីយ៉េ បានសម្រេចឃុំខ្លួនអតីតរដ្ឋមន្ត្រីម្នាក់ ដែលជាសមាជិកជាន់ខ្ពស់នៃគណបក្សកាន់អំណាច AK ក្នុងក្របខ័ណ្ឌនៃការស៉ើបអង្កេតលើវិបត្តិហិរញ្ញវត្ថុ នៅក្នុងប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
លោកស្រី Fatma Betul Sayan Kaya ដែលបានចាកចេញពីគណបក្ស បន្ទាប់ពីបានលាលែងពីតំណែងជាអនុប្រធានគណបក្ស កាលពីខែកញ្ញា ត្រូវបានអ្នកនយោបាយមកពីគណបក្សប្រឆាំងម្នាក់ ចោទប្រកាន់ថាបានរកប្រាក់ចំណេញយ៉ាងច្រើនពីការលក់ភាគហ៊ុន មុនពេលមានវិបត្តិមួយដែលបានបង្កឱ្យមានការលក់ភាគហ៊ុនទ្រង់ទ្រាយធំនៅលើទីផ្សារ។ តុលាការនៅទីក្រុងអ៉ីស្តង់ប៊ុល បានបង្គាប់ចាប់ខ្លួនលោកស្រី Kaya ដែលធ្លាប់ជារដ្ឋមន្ត្រីក្រសួងកិច្ចការគ្រួសារ និងសេវាសង្គមពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ដោយចោទប្រកាន់ពីបទរំលោភច្បាប់ស្តីពីទីផ្សារមូលធន និងការចូលជាសមាជិកនៃអង្គការមួយ ដែលបង្កើតឡើងក្នុងគោលបំណងប្រព្រឹត្តបទល្មើស។
ចំណាត់ការនេះកើតមានឡើង បន្ទាប់ពីលោកស្រី Kaya ត្រូវបានសាកសួរដោយអង្គភាពទទួលបន្ទុកស៉ើបអង្កេតបទល្មើសលាងលុយកខ្វក់ សម្រាប់ការិយាល័យព្រះរដ្ឋអាជ្ញាប្រចាំទីក្រុងអ៉ីស្តង់ប៊ុល។ ចំណែកស្វាមីរបស់លោកស្រី គឺលោក Ilyas Kaya ត្រូវបានដោះលែង ក្រោមវិធានការតុលាការហាមឃាត់ធ្វើដំណើរទៅក្រៅប្រទេស ក្នុងសំណុំរឿងស៉ើបអង្កេតដូចគ្នានេះ៕
