ពលករនៅក្នុងប្រទេសបារាំង ចាប់ផ្តើមចេញតវ៉ាទាមទាររកប្រាក់ឈ្នួលសមរម្យ (Video inside)
06-11-2026 15:22
(ប៉ារីស)៖ នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) ពលកររាប់សែននាក់ដែលកំពុងធ្វើកូដកម្មបាននាំគ្នាធ្វើការតវ៉ា នៅទូទាំងប្រទេសបារាំង ដើម្បីប្រឆាំងនឹងការកើនឡើងថ្លៃចំណាយក្នុងជីវភាពប្រចាំថ្ងៃ បន្ទាប់ពីបាតុកម្មដឹកនាំដោយយុវជន រយៈពេលច្រើនសប្តាហ៍មកនេះ ខណៈដែលប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក អំឡុងពេលប៉ះទង្គិចគ្នាក្នុងទីក្រុងមួយចំនួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។
សហជីព CGT បានប៉ាន់ស្មានថា មនុស្ស ១,៦លាននាក់បានចូលរួមតវ៉ាទូទាំងប្រទេសបារាំង រីឯក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានមនុស្សចំនួន ៥៧៥ ០០០នាក់ ក្នុងនោះ ៦០ ០០០នាក់ បានចូលរួមក្នុងការដើរក្បួននៅទីក្រុងប៉ារីស។ សហជីពនានា ទាមទារឱ្យមានការដំឡើងប្រាក់ឈ្នួលទូទៅ និងធ្វើកំណែទម្រង់ពន្ធដារ។ ការដើរក្បួនតវ៉ាភាគច្រើនប្រព្រឹត្តទៅដោយសន្តិវិធី តែក៏មានការប៉ះទង្គិចគ្នាខ្លះរវាងក្រុមអ្នកតវ៉ា និងប៉ូលិស នៅតាមទីក្រុងមួយចំនួនរួមទាំងទីក្រុង Lyon ដែលនៅទីនោះមានរថយន្តយ៉ាងហោចណាស់មួយគ្រឿងត្រូវបានគេដុតបំផ្លាញ ហើយឧស្ម័នបង្ហូរទឹកភ្នែកក៏ត្រូវបានគេប្រើប្រាស់ផងដែរ។ វាបានកើតឡើង ក្នុងពេលដែលប្រទេសមានសេដ្ឋកិច្ចធំជាងគេទីពីរក្នុងតំបន់ចាយប្រាក់អឺរ៉ូ កំពុងជួបការលំបាក ក្នុងការដោះស្រាយបញ្ហាហិរញ្ញវត្ថុ ខណៈដែលនៅសល់ពេល ៦ខែទៀតប៉ុណ្ណោះ នឹងឈានដល់ការបោះឆ្នោតជ្រើសរើសអ្នកស្នងតំណែង ពីលោកប្រធានាធិបតី Emmanuel Macron។
គួរបញ្ជាក់ថា រលកនៃកំហឹងក្នុងចំណោមសិស្សសាលានៅទូទាំងតំបន់អឺរ៉ុប បាននាំឱ្យយុវជនអាល្លឺម៉ង់ និងអេស្ប៉ាញ រហូតដល់ក្រិក និងអ៉ីតាលី បានចូលរួមធ្វើបាតុកម្មក្នុងលក្ខណៈស្រដៀងគ្នានេះដែរ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ចលនាបាតុកម្មរបស់សិស្សវិទ្យាល័យផ្តើមឡើងដោយយុវជន ដែលបានលើកឡើងពីក្តីបារម្ភអំពីលក្ខខណ្ឌសិក្សាអន់ខ្សោយ កើតឡើងមានស្របពេលជាមួយនឹងការផ្ទុះកំហឹង ជុំវិញការកើនឡើងនៃថ្លៃចំណាយក្នុងជីវភាពប្រចាំថ្ងៃ និងវិសមភាពសង្គម៕


