ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
05-11-2026 21:58
(មីឡាន)៖ ជើងហោះហើរជាច្រើននៅទូទាំងទ្វីបអឺរ៉ុប បានរងការគំរាមបំផ្ទុះគ្រាប់បែកនៅថ្ងៃព្រហស្បតិ៍នេះ ដែលបង្ខំឱ្យយន្តហោះត្រូវប្តូរទិសដៅចុះចតបន្ទាន់ ធ្វើការឆែកឆេរ និងមានយន្តហោះចម្បាំងហោះអមការពារទៅកាន់អាកាសយានដ្ឋានក្នុងប្រទេសបារាំង អ៊ីតាលី និងប៊ុលហ្គារី ខណៈមន្ត្រីអង់គ្លេសហៅហេតុការណ៍នេះថាជា «ការគំរាមក្លែងក្លាយក្នុងចេតនាទុច្ចរិត» បន្ទាប់ពីមានករណីស្រដៀងគ្នានេះកាលពីដើមសប្តាហ៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
អាជ្ញាធរបានបញ្ជាក់ថា ជើងហោះហើរជាង ១២ជើង ដែលហោះចេញពីទីក្រុងនានា រួមមានទីក្រុង Copenhagen, Dublin, Helsinki, Madrid, Milan និង Warsaw បានទទួលការគំរាមបំផ្ទុះគ្រាប់បែក ដោយជើងហោះហើរភាគច្រើនត្រូវបង្វែរទិសដៅទៅចុះចតបន្ទាន់នៅអាកាសយានដ្ឋានផ្សេង ហើយមកទល់ពេលនេះ ការត្រួតពិនិត្យមិនបានរកឃើញវត្ថុគ្រោះថ្នាក់ ឬគួរឱ្យសង្ស័យណាមួយឡើយ។ រដ្ឋមន្ត្រីដឹកជញ្ជូនអង់គ្លេស លោកស្រី ហៃឌី អាឡិចសាន់ឌឺ (Heidi Alexander) បានហៅករណីទាំងនេះថាជាការគំរាមក្លែងក្លាយក្នុងចេតនាបង្កចលាចល ខណៈស្នងការដឹកជញ្ជូននៃសហភាពអឺរ៉ុប (EU) លោក អាប៉ូស្តូឡូស ហ្ស៊ីតហ្ស៊ីកូស្តាស (Apostolos Tzitzikostas) បានថ្លែងនៅទីក្រុង Dublin ថា រាល់ការគំរាមកំហែងលើជនស៊ីវិលគឺមិនអាចទទួលយកបានដាច់ខាត ហើយសហភាពអឺរ៉ុបបានដាក់ឱ្យដំណើរការយន្តការចែករំលែកព័ត៌មានសន្តិសុខអាកាសចរណ៍ ខណៈការស៊ើបអង្កេតថ្នាក់ជាតិកំពុងបន្ត ដើម្បីបញ្ជាក់ថាតើករណីទាំងនេះជាប់ពាក់ព័ន្ធគ្នា ឬជាការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត។
គួរបញ្ជាក់ថា ទោះបីជាការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយបែបនេះមិនមែនជារឿងថ្មីក៏ដោយ ក៏ហេតុការណ៍ចុងក្រោយនេះបានកើតឡើងចំពេលដែលភាពតានតឹងភូមិសាស្ត្រនយោបាយកំពុងកើនឡើង ទន្ទឹមនឹងការរំខានជាបន្តបន្ទាប់នៅអឺរ៉ុប រួមមានការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតលើប្រព័ន្ធទូទឹកកកតាមផ្សារទំនើប ការហោះចូលនៃដ្រូនគ្មានអត្តសញ្ញាណ និងការបន្លឺសារប្រកាសអាសន្នក្លែងក្លាយតាមកម្មវិធីទូរសព្ទ ដែលអាជ្ញាធរអឺរ៉ុបព្រមានថាជាការកើនឡើងនៃការគំរាមកំហែងសង្គ្រាមកូនកាត់ (Hybrid threats)៕




