FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីតួកគីយ៉េ លោក អឺដូហ្គាន់ សង្ឃឹមថា ការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់អាមេរិក នឹងរួមចំណែកដល់សន្តិភាពក្នុងតំបន់

05-11-2026 21:17

(អង់ការ៉ា)៖ ប្រធានាធិបតីតួកគីយ៉េ លោក រ៉េសិប តាយយីប អឺដូហ្គាន់ (Recep Tayyip Erdogan) បានថ្លែងថា លោកសង្ឃឹមថាលទ្ធផលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក នឹងរួមចំណែកដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ហើយទីក្រុងអង់ការ៉ានឹងបន្តរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាល និងសភាអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Arab News។

តាមអត្ថបទសម្ភាសន៍ដែលការិយាល័យប្រធានាធិបតីតួកគីយ៉េបានចែករំលែកនៅថ្ងៃព្រហស្បតិ៍នេះ លោក អឺដូហ្គាន់ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ ក្នុងដំណើរវិលត្រឡប់មកពីប្រទេសកូរ៉េខាងត្បូងវិញថា៖ «ក្ដីសង្ឃឹមដ៏ធំបំផុតរបស់យើង គឺលទ្ធផលនៃការបោះឆ្នោតនេះនឹងរួមចំណែកដល់សន្តិភាព និងស្ថិរភាពយូរអង្វែងនៅក្នុងតំបន់របស់យើង។ យើងនឹងបន្តកិច្ចសន្ទនាយ៉ាងជិតស្និទ្ធជាមួយទាំងរដ្ឋបាលសហរដ្ឋអាមេរិក ក៏ដូចជាសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា ដើម្បីឆ្ពោះទៅរកគោលដៅនោះ»។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក អឺដូហ្គាន់ ធ្វើឡើងបន្ទាប់ពីលោកបានបញ្ចប់ដំណើរទស្សនកិច្ចនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពលនុយក្លេអ៊ែរ ការពារជាតិ និងពាណិជ្ជកម្ម ខណៈតួកគីយ៉េក៏កំពុងដើរតួនាទីការទូតយ៉ាងសកម្មក្នុងការព្យាយាមបន្ធូរបន្ថយភាពតានតឹង និងជម្លោះដែលកំពុងរីករាលដាលនៅតំបន់មជ្ឈិមបូព៌ាផងដែរ៕