FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វៀតណាម ថា កិច្ចសហប្រតិបត្តិការយោធារវាងចិន និងឡាវ គួរតែរួមចំណែកដល់ស្ថិរភាពក្នុងតំបន់

05-11-2026 20:39

(ហាណូយ)៖ ក្រសួងការបរទេសវៀតណាមបានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា កិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសនានា គួរតែអនុលោមតាមច្បាប់អន្តរជាតិ និងរួមចំណែកដល់សន្តិភាព ព្រមទាំងស្ថិរភាព បន្ទាប់ពីប្រទេសចិន និងឡាវ ទើបតែបានបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធារួមគ្នាមួយនាពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ផាម ធូហាំង (Pham Thu Hang) បានបញ្ជាក់ថា៖ «វៀតណាមតែងតែសង្ឃឹមថា ប្រទេសឡាវនឹងអភិវឌ្ឍទៅមុខដោយសន្តិភាព ឯករាជ្យ និងម្ចាស់ការលើខ្លួនឯង»។ លោកស្រីបន្ថែមថា វៀតណាមជឿជាក់ថាកិច្ចសហប្រតិបត្តិការរវាងប្រទេសនានាគួរតែប្រព្រឹត្តទៅស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយកិច្ចសហប្រតិបត្តិការបែបនេះក៏ត្រូវតែរួមចំណែកជាវិជ្ជមានដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ ក៏ដូចជាពិភពលោកផងដែរ។

គួរបញ្ជាក់ថា ចិន និងឡាវ ទើបតែបានបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធារួមគ្នានៅឯអាកាសយានដ្ឋានមួយកន្លែងក្នុងប្រទេសឡាវ ដែលធ្វើឱ្យមានក្តីបារម្ភនៅក្នុងតំបន់ជុំវិញការពង្រីកទំនាក់ទំនងសន្តិសុខរបស់ទីក្រុងប៉េកាំងជាមួយបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍។ កាលពីខែកញ្ញាកន្លងទៅ ក្រសួងការពារជាតិចិនបានប្រកាសថា ខ្លួនបានបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺននេះនៅតំបន់ Ban Keun ជាយរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ៕