FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប៉េកាំង ច្រានចោលការលើកឡើងដែលថាចិន ព្យាយាមរុញច្រានប្រទេសដទៃចេញទីផ្សារ

05-11-2026 16:16

(ប៉េកាំង)៖ ឧបនាយករដ្ឋមន្ត្រីចិន បានច្រានចោលក្តីបារម្ភដែលថាចិនកំពុងបណ្តេញ ឬរុញច្រានប្រទេសដទៃចេញពីទីផ្សារ ដោយចាត់ទុកការលើកឡើងនេះថាគ្មានមូលដ្ឋានទាល់តែសោះ នៅក្នុងឱកាសបើកពិព័រណ៍នាំចូលអន្តរជាតិចិន (China International Import Expo) នៅទីក្រុងសៀងហៃ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានចោទប្រកាន់ថា ប៉េកាំងថាបានផ្តល់ប្រាក់ឧបត្ថម្ភយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ឧស្សាហកម្មរបស់ខ្លួន និងបាននាំចេញផលិតផលទាំងនោះសម្រុកចូលទីផ្សារបរទេស ជាពិសេសនៅក្នុងវិស័យរថយន្ត និងបច្ចេកវិទ្យាបៃតង ដែលធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុននៅក្នុងប្រទេសទាំងនោះ។

លោក Ding Xuexiang គូសបញ្ជាក់ «ស្ថាប័ន និងស្ថាប័នសារព័ត៌មានមួយចំនួន បាននិងកំពុងលើកឡើងយ៉ាងផុសផុលអំពីទ្រឹស្តី ដែលគេហៅថាការច្របាច់សេដ្ឋកិច្ចពីសំណាក់ចិន»។ លោកបានបញ្ជាក់ទៀតថា «ជារឿងធម្មតាទេដែលគ្រប់គ្នាផ្ដោតការចាប់អារម្មណ៍ ទៅលើអតុល្យភាពពាណិជ្ជកម្ម ហើយបញ្ហាសំខាន់គឺថាតើត្រូវធ្វើដូចម្តេច ដើម្បីសម្រេចបាននូវតុល្យភាពពាណិជ្ជកម្ម ដោយបន្ថែមថា «ទីក្រុងប៉េកាំង មិនដែលចង់មានចេតនាបង្កអតិរេកពាណិជ្ជកម្មឡើយ»។

គួរបញ្ជាក់ថា បញ្ហាអតិរេកពាណិជ្ជកម្មយ៉ាងច្រើនជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ជាកត្តាជំរុញឱ្យមានភាពតានតឹង។ ពិព័រណ៍ពាណិជ្ជកម្មនាំចូលអន្តរជាតិចិនឆ្នាំនេះ មានក្រុមហ៊ុនបរទេសជាង ៤០០០ បានចូលរួម។ ក្រុមហ៊ុនអន្តរជាតិដែលចូលរួមពីពណ៌នេះ កំពុងស្វែងរកការពង្រីកខ្លួនចូលទៅក្នុងទីផ្សារចិន ក្រោមទិសស្លោកថាចិន មិនមែនគ្រាន់តែជារោងចក្ររបស់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទីផ្សារដ៏ធំទូលាយមួយ ដែលបើកចំហសម្រាប់ផលិតផលបរទេសទៀតផង៕