អតីតសមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តចិន លោក Ma Xingrui ត្រូវបានតុលាការចោទប្រកាន់ពីបទទទួលសំណូក
05-11-2026 15:47
(ប៉េកាំង)៖ ចិនបានចោទប្រកាន់ លោក Ma Xingrui ដែលជាអតីតសមាជិកការិយាល័យនយោបាយនៃគណបក្សកុម្មុយនីស្ត ពីបទទទួលសំណូក ក្នុងពេលដែលលោកប្រធានាធិបតី ស៉ី ជីនពីង កំពុងពង្រឹងយុទ្ធនាការលុបបំបាត់អំពើពុករលួយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua រាយការណ៍ថា រដ្ឋអាជ្ញាបានចោទប្រកាន់លោក Ma ថាបានប្រើប្រាស់តួនាទី និងឋានៈជាមន្ត្រីរដ្ឋាភិបាល និងជាអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនម៉ៅការរបស់រដ្ឋ សម្រាប់កម្មវិធីអវកាសរបស់ប្រទេសចិន ដើម្បី «ស្វែងរកផលប្រយោជន៍» និងទទួលសំណូកក្នុង «ចំនួនទឹកប្រាក់ច្រើនសន្ធឹកសន្ធាប់»។
ការបណ្តេញលោក Ma ចេញពីបក្សកុម្មុយនីស្ត ដោយចោទប្រកាន់ពាក់ព័ន្ធអំពើពុករលួយ ត្រូវបានទទួលស្គាល់កាលពីសប្តាហ៍មុន នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញពីកិច្ចប្រជុំពេញអង្គលើកទី៥ របស់បក្ស។ លោក Ma ស្ថិតក្នុងចំណោមមន្ត្រីចំនួន ៣៣រូប ដែលមានឈ្មោះត្រូវបានបណ្តេញចេញពីតំណែង។
ភ្លាមៗមិនទាន់មានការឆ្លើយតបពីសំណាក់លោក Ma នោះទេ ចំពោះសំណើស្វែងរកការបញ្ជាក់របស់ Reuters តាមរយៈសារអ៉ីមែល៕
