ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ព្រមានថា ការប៉ុនប៉ងទម្លាក់រូបលោកពីតំណែង នឹងបំផ្លាញបក្សប្រជាធិបតេយ្យ (Video inside)
05-11-2026 15:03
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ប្រសិនបើគណបក្សប្រជាធិបតេយ្យ ហ៊ានចាប់ផ្តើមនីតិវិធីចោទប្រកាន់ ដើម្បីទម្លាក់រូបលោកពីតំណែង នៅពេលគណបក្សនេះ ចូលគ្រប់គ្រងសភាទាំងពីរ នៅឆ្នាំក្រោយ នោះវាមុខជានឹងបំផ្លាញគណបក្សរបស់ពួកគេមិនខានឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
នៅពេលត្រូវបានសាកសួរអំពីលទ្ធភាពនៃដំណើរការចោទប្រកាន់ ដើម្បីប៉ុនប៉ងទម្លាក់លោកពីចេញតំណែង បន្ទាប់ពីបក្សសាធារណរដ្ឋរបស់លោក បានទទួលរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ លោក ត្រាំ បាននិយាយដូច្នេះថា «ខ្ញុំគិតថា វានឹងបំផ្លាញគណបក្សប្រជាធិបតេយ្យ ប្រសិនបើពួកគេធ្វើបែបនោះ»។ លោកប្រធានាធិបតីអាមេរិក បានអះអាងថា «គ្មានហេតុផលណាមួយ» ដែលលោកគួរត្រូវបានចោទប្រកាន់ដើម្បីទម្លាក់ពីតំណែងនោះទេ។
គួរបញ្ជាក់ថា ក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ កាលពីថ្ងៃទី៣ ខែវិច្ឆិកា គណបក្សប្រជាធិបតេយ្យ បានឈ្នះការគ្រប់គ្រងអាសនៈភាគច្រើន ទាំងនៅសភាតំណាងរាស្រ្ត (រដ្ឋសភា) និងព្រឹទ្ធសភាអាមេរិក ដែលជាបរាជ័យដ៏ធំំមួយ សម្រាប់បក្សសាធារណរដ្ឋរបស់លោក ត្រាំ។ លោកបានទទួលស្គាល់ភាពបរាជ័យនេះ ហើយបានបង្ហាញឆន្ទៈធ្វើការជាមួយបក្សប្រជាធិបតេយ្យដែលជាគូប្រជែង ប៉ុន្តែលោកក៏បានព្រមានប្រើប្រាស់អំណាចវេតូផងដែរ៕
