FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចលនាប្រឆាំងមជ្ឈមណ្ឌលទិន្នន័យ AI លេចធ្លោក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិអាមេរិក ខណៈវិនិយោគិនបារម្ភពីការរឹតបន្តឹងបទប្បញ្ញត្តិ

04-11-2026 19:29

(ហុងកុង)៖ ក្រុមអ្នកប្រឆាំងជំទាស់នឹងគម្រោងសាងសង់មជ្ឈមណ្ឌលទិន្នន័យ (Data Centres) បានលេចធ្លោខ្លាំងនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរទស្សនៈរបស់សាធារណជនទៅលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងធ្វើឱ្យវិនិយោគិនបារម្ភពីការថមថយសន្ទុះនៃវិស័យ AI ដែលធ្លាប់ជួយជំរុញកំណើនសេដ្ឋកិច្ច និងទីផ្សារភាគហ៊ុនអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន KFGO ដោយដកស្រង់ប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងការប្រកួតប្រជែងជ្រើសរើសអភិបាលរដ្ឋដូចជានៅរដ្ឋ Texas និងរដ្ឋ Georgia បេក្ខជនគណបក្សប្រជាធិបតេយ្យបានយកការផ្អាកគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលទិន្នន័យមកធ្វើជាគោលនយោបាយឃោសនា បន្ទាប់ពីគម្រោងដែលជាបេះដូងនៃបច្ចេកវិទ្យា AI ទាំងនេះ រងការរិះគន់កាន់តែខ្លាំងពីពលរដ្ឋរស់នៅក្បែរខាង ដោយសារបង្កសំឡេងរំខាន ប្រើប្រាស់ទឹកច្រើនសន្ធឹកសន្ធាប់ និងស៊ីថាមពលអគ្គិសនីខ្ពស់។ ក្រុមអ្នកវិនិយោគមើលឃើញថា សម្ពាធនយោបាយនេះទំនងជានឹងនាំឱ្យមានការដាក់ចេញបទប្បញ្ញត្តិរឹតបន្តឹងកាន់តែខ្លាំង និងអាចជះឥទ្ធិពលដល់ទីផ្សារហិរញ្ញវត្ថុ ខណៈតម្លៃភាគហ៊ុនក្រុមហ៊ុន AI បានធ្លាក់ចុះ ស្របពេលមានក្តីបារម្ភស្រាប់អំពីការចំណាយដ៏មហាសាល។ លោក អៃដាន យ៉ាវ (Aidan Yao) អ្នកយុទ្ធសាស្ត្រវិនិយោគជាន់ខ្ពស់នៅវិទ្យាស្ថាន Amundi Investment Institute បានកត់សម្គាល់ថា៖ «តាមទស្សនៈរបស់យើង អត្ថន័យសំខាន់នៃការបោះឆ្នោតពាក់កណ្តាលអាណត្តិលើកនេះ គឺប្រៀបដូចជាការបោះឆ្នោតប្រជាមតិលើបច្ចេកវិទ្យា AI ច្រើនជាងការបោះឆ្នោតប្រជាមតិលើលោក ដូណាល់ ត្រាំ ទៅទៀត ហើយប្រសិនបើវិស័យ AI រងការរឹតត្បិត នោះទាំងសេដ្ឋកិច្ច អតិផរណា និងគោលនយោបាយរូបិយវត្ថុរបស់អាមេរិក នឹងធ្លាក់ក្នុងភាពមិនប្រាកដប្រជាយ៉ាងខ្លាំង»។

គួរបញ្ជាក់ថា ក្តីបារម្ភលើទីផ្សារនេះ ក៏កើតឡើងស្របពេលក្រុមហ៊ុនបច្ចេកវិទ្យា AI ដ៏ធំបំផុតលើពិភពលោក គឺក្រុមហ៊ុន Anthropic កំពុងត្រៀមដាក់លក់ភាគហ៊ុនជាសាធារណៈលើកដំបូង (IPO) និងចាប់ផ្តើមធ្វើទីផ្សារទាក់ទាញវិនិយោគិននៅសប្តាហ៍ក្រោយ។ តាមរបាយការណ៍ហិរញ្ញវត្ថុដែលបានកែសម្រួលកាលពីដើមសប្តាហ៍នេះ ការខាតបង់សុទ្ធរបស់ក្រុមហ៊ុន Anthropic បានថយចុះនៅក្នុងត្រីមាសទី៣ ខណៈប្រាក់ចំណូលបានហក់ឡើង ៤៧ភាគរយ ធៀបនឹងត្រីមាសមុន ឈានដល់ ១៦.៩៦ពាន់លានដុល្លារ បើទោះបីជាល្បឿននៃកំណើនបានថមថយចុះបន្តិចក៏ដោយ៕