FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក Abdul El-Sayed ឈ្នះអាសនៈព្រឹទ្ធសភារដ្ឋ Michigan ក្លាយជាសមាជិកព្រឹទ្ធសភាមូស្លីមដំបូងគេរបស់អាមេរិក

04-11-2026 19:01

(វ៉ាស៊ីនតោន)៖ លោក Abdul El-Sayed បេក្ខជនស្លាបឆ្វេងនៃគណបក្សប្រជាធិបតេយ្យ បានយកឈ្នះលោក Mike Rogers មកពីគណបក្សសាធារណរដ្ឋ ក្នុងការប្រកួតប្រជែងដ៏តានតឹងដណ្តើមអាសនៈព្រឹទ្ធសភារដ្ឋ Michigan ដែលធ្វើឱ្យលោកក្លាយជាសមាជិកព្រឹទ្ធសភាមូស្លីមដំបូងគេរបស់អាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP។

លោក El-Sayed ជាកូនរបស់ជនអន្តោប្រវេសន៍អេហ្ស៊ីប និងជាអតីតមន្ត្រីសុខាភិបាល ដែលមិនធ្លាប់កាន់តំណែងជាប់ឆ្នោតពីមុនទេ។ លោកឈ្នះតាមរយៈយុទ្ធនាការពីមូលដ្ឋាន ដែលផ្តោតលើការថែទាំសុខភាពសម្រាប់ប្រជាជនទាំងអស់ ការបញ្ចប់ការចាក់លុយរបស់ក្រុមខាងក្រៅចូលក្នុងយុទ្ធនាការបោះឆ្នោត និងការរិះគន់អ៊ីស្រាអែល ហើយជ័យជម្នះនេះ ដែលមានការគាំទ្រពីសមាជិកសភា Alexandria Ocasio-Cortez នឹងពង្រឹងស្លាបឆ្វេងរបស់គណបក្ស មុនការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៨។

ចំណែកលោក Rogers ដែលជាអតីតសមាជិកសភា បានជួបការលំបាកក្នុងការថ្លឹងថ្លែងរវាងភាពស្មោះត្រង់ចំពោះប្រធានាធិបតី លោក ដូណាល់ ត្រាំ និងការបារម្ភរបស់ប្រជាជនពីការឡើងថ្លៃទំនិញដោយសារសង្គ្រាមនៅអ៊ីរ៉ង់ ព្រមទាំងភាពចលាចលសេដ្ឋកិច្ចដោយសារពន្ធគយរបស់លោក ត្រាំ។ ក្នុងយុទ្ធនាការ លោក ត្រាំ និងសមាជិកគណបក្សសាធារណរដ្ឋបានវាយប្រហារលោក El-Sayed យ៉ាងខ្លាំងជុំវិញការរិះគន់អ៊ីស្រាអែល ហើយព្យាយាមម្តងហើយម្តងទៀតភ្ជាប់លោកទៅនឹងក្រុមភេរវករ ទោះបីគ្មានភស្តុតាងក៏ដោយ។

គួរបញ្ជាក់ថា ក្រោយការបោះឆ្នោតបឋមដ៏តានតឹង គូប្រជែងរបស់លោក El-Sayed គឺសមាជិកសភា Haley Stevens បានធ្វើឱ្យគណបក្សប្រជាធិបតេយ្យភ្ញាក់ផ្អើល ដោយប្រកាសគាំទ្រលោក Rogers កាលពីថ្ងៃទី១ ខែវិច្ឆិកា ព្រោះយល់ថាលោក El-Sayed មិនបានធ្វើគ្រប់គ្រាន់ ដើម្បីដោះស្រាយការបារម្ភរបស់សហគមន៍ជនជាតិជ្វីហ្វ៕