រដ្ឋាភិបាលឥណ្ឌូណេស៉ី៖ នាយខុទ្ទកាល័យប្រធានាធិបតីដែលត្រូវចាប់ខ្លួន ប្រហែលជាប្រព្រឹត្តិអំពើក្បត់ជាតិ តាមរយៈការលួចស្ដាប់ទូរសព្ទប្រធានាធិបតី (Video inside)
04-11-2026 15:04
(ហ្សាការតា)៖ នៅថ្ងៃពុធ ទី៤ ខែវិច្ឆិកានេះ រដ្ឋាភិបាលឥណ្ឌូណេស៉ី បានឱ្យដឹងថា អតីតនាយខុទ្ទកាល័យប្រធានាធិបតី លោក Listyo Sigit Prabowo ដែលទើបត្រូវបានដកតំណែងក្នុងសប្តាហ៍នេះ និងកំពុងត្រូវបានចាប់ខ្លួន ប្រហែលជាបានប្រព្រឹត្តអំពើក្បត់ជាតិ តាមរយៈការចោទប្រកាន់ពាក់ព័ន្ធការលួចស្ដាប់កិច្ចសន្ទនាតាមទូរសព្ទរបស់ប្រធានាធិបតី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
«សកម្មភាពនោះ អាចចាត់ចូលក្នុងប្រភេទនៃទង្វើក្បត់ជាតិ។ នេះក៏ជាសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខ ផលប្រយោជន៍របស់រដ្ឋ រួមទាំងធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពរបស់មេដឹកនាំប្រទេស»។ នេះជាការបញ្ជាក់របស់លោក Prasetyo Hadi អ្នកនាំពាក្យប្រធានាធិបតីឥណ្ឌូណេស៉ី ប្រាប់អ្នកសារព័ត៌មាននៅទីក្រុងហ្សាការតាថា ជុំវិញការចាប់ខ្លួនលោក Listyo Sigit Prabowo។
កាលពីថ្ងៃអង្គារ ប៉ូលិសឥណ្ឌូណេស៉ី បានប្រកាសពីការចាប់ខ្លួន លោក Listyo ដែលជាអតីតមេបញ្ជាការប៉ូលិសម្នាក់ផងនោះ រួមទាំងមន្ត្រីជាន់ខ្ពស់ពីររូបផ្សេងទៀត ដោយចោទប្រកាន់ថាបានលួចស្ដាប់កិច្ចសន្ទនាតាមទូរសព្ទរបស់ប្រធានាធិបតី លោក Prabowo Subianto មន្ត្រីរដ្ឋាភិបាល អ្នកនយោបាយ អ្នកសារព័ត៌មាន តំណាងអង្គការមិនមែនរដ្ឋាភិបាល និងអ្នកជំនួញ។
តាមមន្ត្រីស៉ើបអង្កេតជាន់ខ្ពស់ លោក Asep Safrudin សកម្មភាពនេះធ្វើឡើងដោយគ្មានមូលដ្ឋានផ្លូវច្បាប់ ឬគ្មានដំណើរការស៉ើបអង្កេត ឬការសាកសួរណាមួយ ដែលស្របតាមច្បាប់ជាធរមានឡើយ៕


