លោក ត្រាំ ទទួលស្គាល់ថា សង្គ្រាមអ៉ីរ៉ង់គឺជាហេតុផលមួយ នៅពីក្រោយបរាជ័យរបស់បក្សសាធារណរដ្ឋ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ (Video inside)
04-11-2026 13:22
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់សារព័ត៌មាន Fox News ថា សង្គ្រាមអ៉ីរ៉ង់បានរួមចំណែក ក្នុងភាពបរាជ័យយ៉ាងភ្ញាក់ផ្អើល នៃគណបក្សសាធារណរដ្ឋរបស់លោក នៅក្នុងការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្នុងបទសម្ភាសតាមទូរស័ព្ទជាមួយ Fox News លោក ត្រាំ បាននិយាយដូច្នេះថា «ខ្ញុំយល់ថា ហេតុផលមួយផ្នែកគឺដោយសារបញ្ហាអ៉ីរ៉ង់ ប៉ុន្តែទន្ទឹមគ្នា ប្រជាជនក៏បានយល់ពីសារៈសំខាន់ នៃអ្វីដែលខ្ញុំបានធ្វើចំពោះអ៉ីរ៉ង់ផងដែរ»។ លោកប្រធានាធិបតីអាមេរិក បានអះអាងថា រូបលោកនឹងទទួលយកលទ្ធផលបោះឆ្នោត ហើយបានកោតសរសើរគូប្រជែងគឺបក្សប្រជាធិបតេយ្យ ដែលជារឿងកម្រ ដោយលោកនិយាយថា ពួកគេធ្វើបានល្អ។ លោក ត្រាំ បាននិយាយថា លោកទន្ទឹងរង់ចាំធ្វើការជាមួយបក្សប្រជាធិបតេយ្យ ប៉ុន្តែបានព្រមានថា ប្រសិនបើពួកគេហ៊ានអនុម័តសេចក្តីព្រាងច្បាប់ណាមួយ ដែលជ្រុលហួសហេតុ លោកនឹងប្រើអំណាចវ៉េតូ។
គួរបញ្ជាក់ថា ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា លទ្ធផលដែលចេញផ្សាយជាបន្តបន្ទាប់ ដោយបណ្តាប្រព័ន្ធផ្សព្វផ្សាយអាមេរិកផ្ទាល់ បានបង្ហាញថា ការគ្រប់គ្រងអាសនៈភាគច្រើននៅសភាទាំងពីររបស់អាមេរិក គឺបានរបូតចេញពីដៃរបស់បក្សសាធារណរដ្ឋ ហើយធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់បក្សប្រជាធិបតេយ្យវិញម្តង។ លទ្ធផលបោះឆ្នោតបែបនេះ នឹងបើកផ្លូវឱ្យគណបក្សប្រជាធិបតេយ្យ អនុវត្តការតាមដានយ៉ាងតឹងរ៉ឹងលើ របៀបវារៈនយោបាយរបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រាប់រយៈពេល២ឆ្នាំខាងមុខនេះ ដែលជារយៈពេលចុងក្រោយនៃអាណត្តិកាន់អំណាចរបស់លោក៕



