FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា

04-11-2026 10:57

(បាងកក)៖ អគ្គស្នងការប៉ូលិសជាតិថៃ បានណែនាំឱ្យអង្គភាពប៉ូលិសតាមព្រំដែន ត្រៀមលក្ខណៈសម្រាប់លទ្ធភាពនៃការជម្លៀសជនស៊ីវិល ជាពិសេសក្រុមជនងាយរងគ្រោះ កុមារ មនុស្សចាស់ និងអ្នកជំងឺ ស្របពេលដែលការប្រយុទ្ធគ្នានៅតែបន្ត នៅឯតំបន់ព្រំដែនខាងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Khaosod នាថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦

អ្នកនាំពាក្យប៉ូលិសថៃ បានឱ្យដឹងថា លោក Samran Nuanma ដែលជាអគ្គស្នងការប៉ូលិសជាតិថៃ មានការព្រួយបារម្ភអំពីសុវត្ថិភាព របស់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា ជាពិសេសនៅស្រុក Mae Sot និងស្រុក Phop Phra ក្នុងខេត្ត Tak ដែលរងផលប៉ះពាល់ពីការប្រយុទ្ធគ្នានៅព្រំដែនខាងប្រទេសមីយ៉ាន់ម៉ា។

អ្នកនាំពាក្យបានបន្តថា អគ្គស្នងការប៉ូលិសជាតិថៃ បានណែនាំឱ្យកងកម្លាំងប៉ូលិសប្រចាំតំបន់ និងប៉ូលិសល្បាតព្រំដែន តាមដានស្ថានការណ៍ឱ្យបានដិតដល់ និងធានាសុវត្ថិភាពដល់សហគមន៍នៅតាមតំបន់ព្រំប្រទល់ ហើយកងកម្លាំងទាំងនេះត្រូវត្រៀមខ្លួនជាស្រេច ដើម្បីជួយជម្លៀសប្រជាពលរដ្ឋទៅកាន់តំបន់មានសុវត្ថិភាព ប្រសិនបើចាំបាច់។

ទន្ទឹមគ្នា អ្នកនាំពាក្យរងរបស់ស្ថាប័នប៉ូលិសជាតិថៃ បានណែនាំឱ្យសាធារណជន បន្តប្រុងប្រយ័ត្ន និងត្រៀមខ្លួនសម្រាប់គ្រាអាសន្ន ឬភាពចលាចល ដែលអាចកើតមាន។ អ្នកនាំពាក្យបានជំរុញឱ្យប្រជាពលរដ្ឋថៃ ប្រុងប្រយ័ត្ននៅពេលទទួល និងចែករំលែកព័ត៌មាន ដើម្បីជៀសវាងការបង្កឱ្យមានភាពភ័យស្លន់ស្លោ ដែលមិនចាំបាច់។

ជាចុងក្រោយ អ្នកនាំពាក្យបានសង្កត់ធ្ងន់ថា សាធារណជនគួរផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានច្បាស់លាស់ មុនពេលចែករំលែក ជៀសវាងការសន្និដ្ឋាន ដោយផ្អែកលើរូបភាព ឬវីដេអូឃ្លីបដែលបង្ហាញតែព័ត៌មានមួយផ្នែក និងកុំបន្តចែករំលែកសារទាំងឡាយណា ដែលមិនទាន់បានផ្ទៀងផ្ទាត់ការពិត ដែលអាចបង្កការព្រួយបារម្ភដល់សាធារណជន៕